ឆេះផ្ទះស្លាប់មនុស្សម្នាក់នៅស្រុកកងមាស សង្ស័យកូនជាអ្នកលួចដុត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសខ្វិននិងពិការងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើងឆេះលំនៅឋាន កាលពីវេលាម៉ោង២៣៖២០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិល្វាលើឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈម្តាយបានសង្ស័យទៅលើកូនគាត់ជាអ្នកដុត ដោយសំអាងថា កន្លងមកជាច្រើន ដង មកហើយបានលួចដុតតែត្រូវបានក្រុមគ្រួសារ​ និងអ្នកជិតខាងជួយអន្តរាគមន៍ទាន់ពេល ។

តាមរយៈរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលត្រូវឆេះបំផ្លាញដោយអគ្គីភ័យខាងលើនេះ មានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ជញ្ជាំងស្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក បាក់ឡេង ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅទីកើតហេតុខាងលើ ។

ម្តាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់ឈ្មោះ ស៊ុន លាងហ៊ាន់ អាយុ៤០ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ឆេះផ្ទះ ព្រោះតែពិកា និងខ្វិនដេកម្នាក់ឯង ព្រមទាំងបាត់បង់អស់សម្ភារ:មួយចំនួនមាន (ម៉ូតូសង់កូរ៉េ១គ្រឿង, ម៉ាសុីនសាំង​​បូមទឹក១គ្រឿង  , លុយ១០០ដុល្លារ , និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារមួយចំនួនទៀត ត្រូវឆេះអស់ទាំងស្រុង) ។

ជុំវិញហេតុការណ៍ឆេះផ្ទះខាងលើនេះ ម្តាយបានអះអាងប្រាប់ទៀតថា ចំពោះមូលហេតុ គាត់សង្ស័យថាកូនប្រុសរបស់គាត់ជាអ្នកលួចដុត អាចនឹងមានវិបត្តិផ្លូវចិត្តដោយសារតែមានជំងឹរាំរៃ​​​ និងធ្លាប់បានដុតកន្លងមកជាច្រើនដង ប៉ុន្តែត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយទាន់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print