ភ្នំពេញ ៖ យោងតាមរបាយរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យដែលបានឆាបឆេះអគារកម្ពស់៤ជាន់ នៅសិប្បកម្មពូក ស្ថិតតាមបណ្ដោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីម្សិលមិញ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានសម្រេចហើយ តែចំពោះអគារកម្ពស់៤ជាន់នេះ សមត្ថកិច្ចនិងរំលំចោលតែម្ដង ព្រោះខ្លាចរលំបាក់ស្រុតមកលើផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង ។
ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ ៦៣ឆ្នាំ មានមុខរបរ ម្ចាស់រោងចក្រ , ប្រភេទសំណង: សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កម្ពស់៤ជាន់ ។ ការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ចំពោះការឆាបឆេះនេះ បណ្តាលឲ្យខូចខាត ឆេះរោងសិប្បកម្មផលិតពូកគេង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កម្ពស់៤ជាន់ អស់ទាំងស្រុង រួមទាំងឆេះឧបករណ៍សម្ភារ:បម្រើឲ្យការផលិតពូកមានដូចជា៖
-ឆេះម៉ាស៊ីនដេរចំនួន១៨គ្រឿង
-ឆេះម៉ាស៊ីន កាត់ពូកចំនួន៧គ្រឿង
-ឆេះម៉ាស៊ីនជាក់ពូកចំនួន១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
យោងតាមរបាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ក្នុងការឆាបឆេះនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។ ក្នុងគ្រោះអគ្គិភ័យនេះផងដែរ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍រួមមាន៖ រថយន្តការិ.អគ្គិភ័យ: ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៥៧ឡាន ស្មើនឹង ៧៣០ម៉ែត្រគូប, រថយន្តជំនួយ : រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣៥ឡាន ស្មើនឹង១៦៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង ៤១០ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCICកោះពេជ្រ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១៤៤ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ង៧០ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប។
គួរបញ្ចាក់ផងដែរថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសិប្បកម្មផលិតពូក ស្ថិតតាមបណ្ដោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងសមត្ថកិច្ចបានពន្លត់ចប់នៅម៉ោង ៥និង០០នាទីថ្ងៃទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ៕ដោយ៖ ភារ៉ា ដង្កោ