ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦កំពុងបង្កឲ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់ផ្លូវ ។ វាក្លាយទៅជាកង្វល់របស់ប្រជាពលរដ្ឋដោយមិនគិតថា តើត្រូវអនុវត្តច្បាប់ឲ្យគ្រប់ជ្រុងជ្រោយបែបណា? ការផាកពិន័យកើនឡើងទ្វេដងជាមួយនឹងការរឹតបន្តឹងក្នុងការប្រើប្រាស់យានយន្តផងនោះ ប្រជាពលរដ្ឋកម្ពុជាយល់ឃើញថា វាហាក់ដូចជាដាក់សម្ពាធធ្ងន់មួយមកលើពួកគាត់ ដែលលំបាកក្នុងការអនុវត្ត ។
ម៉ូតូមួយគ្រឿងអាចឌុបគ្នាបាន២នាក់ថែមទៀត ដោយក្នុងនោះមានក្មេងម្នាក់ផង ។ អ្នកដែលជិះម៉ូតូទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាព ប្រសិនបើជនណាម្នាក់ដែលប្រើប្រាស់ម៉ូតូមិនពាក់មួកសុវត្ថិភាពទេ នឹងត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់១៥.០០០រៀល ។ ប្រជាពលរដ្ឋកម្ពុជាញាក់សាច់ក្នុងករណីផាកបទលហុនេះ ។ នៅមានការផាកពិន័យជាច្រើនទៀតដែលអ្នកតាក់តែងច្បាប់យល់ថា ដើម្បីឲ្យអ្នកមានកំហុសរាងចាល ថ្ងៃក្រោយកុំប្រព្រឹតល្មើសច្បាប់ទៀត ។ ប៉ុន្តែសម្រាប់ពលរដ្ឋកម្ពុជាយល់ថា ការផាកពិន័យជាលុយកាក់ច្រើនៗយ៉ាងដូច្នោះ មិនមែនជាដំណោះស្រាយដែលជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់នោះទេ ។
មានហេតុផលជាច្រើនដែលជំរុញឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ ។ បណ្តាជនដែលជាអ្នកមានអំណាច មានទ្រព្យសម្បត្តិត្រូវធ្វើគំរូនៅលើដងផ្លូវ ប្រកបដោយគុណធម៌ចំពោះអ្នកប្រើប្រាស់ផ្លូវរួមនោះដែរ ។ អ្នកមានអំណាច មានលុយកាក់មួយចំនួនធំទម្លាក់កំហុសមកលើប្រជាពលរដ្ឋក្រីក្រ ជាពិសេសអ្នករត់រ៉ឺម៉កកង់បី អ្នករត់ម៉ូតូឌុប ថា មិនគោរពច្បាប់ឲ្យខ្ជាប់ខ្ជួន និងបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ។ នៅលើដងផ្លូវ ទាំងអ្នកមានអំណាច ទាំងអ្នកមានប្រាក់ ទាំងប្រជាពលរដ្ឋសាមញ្ញ ក៏ដូចជាពលរដ្ឋក្រីក្រ មានសិទ្ធិស្មើគ្នា ។ ប៉ុន្តែជាទូទៅ នៅពេលដែលអ្នកមានអំណាច ក៏ដូចជាអ្នកមានប្រាក់ល្មើសច្បាប់ចរាចរណ៍ក្នុងការបើកបរ បង្កឲ្យមានភាពល្បីល្បាញខ្លាំងនៅក្នុងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមាន១២ជំពូក និង៩២មាត្រាដែលមានក្រឹត្យក្រមតឹងរ៉ឹងជាងច្បាប់ចាស់ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ដោយសំឡេងឯកច្ឆ័ន្ទ ១០៣លើ១០៣ ។ ការវិសោធនកម្មច្បាប់នេះឡើងប្រយោជន៍ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។ ខ្លឹមសារច្បាប់បានរឹតបន្តឹងយ៉ាងខ្លាំងចំពោះអ្នកបើកបរ រួមទាំងបង្កើននូវកម្រិតថវិកាផាកពិន័យ និងការដាក់ទោសសម្រាប់អ្នកប្រព្រឹត្តល្មើសច្បាប់នោះផង ។ ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឲ្យ ស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥ លានរៀល ឬអាចបន្ថែម ទោសទណ្ឌ លើសពីនេះទៀត។ ជនណាបើកបរ ដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ច បណ្តាលឲ្យមាន របួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នក រងគ្រោះអសមត្ថភាព ធ្វើការងារក្នុង រយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតចាប់ពីថ្ងៃ កើតហេតុ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជា ប្រាក់ពី ២លានរៀល ទៅ១០លានរៀល ឬអាចលើសពីនេះ ។ សម្រាប់អ្នកបើក បរយានយន្ត ដោយគ្មានប័ណ្ណបើកបរ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ខែ និង ពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ៨សែនរៀល ។
អ្នកបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការ បញ្ជា របស់មន្ត្រី នគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ត ពិនិត្យជាតិអាល់កុល ឬសារធាតុ គ្រឿងញៀន ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។ ចំណែកជនណា បើកបរយានយន្ត នៅពេល ខ្លួនស្ថិតនៅក្នុង ភាពស្រវឹង ដោយមានជាតិ អាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារ ពី១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨ សែន រៀល ទៅ ៤ លានរៀលផងដែរ ។ សម្រាប់ជនណាប្រើប្រាស់ រថយន្តដោយគ្មាន បណ្ណសម្គាល់ ឬគ្មានស្លាកលេខ សម្គាល់រថយន្ត ត្រូវផ្តន្ទាទោសដាក់ ពន្ធ នាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យ ជាប្រាក់ពី ១០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ។ ក្រៅពីការដាក់ទោសទណ្ឌ សម្រាប់អ្នកបើកបរ មិនគោរពច្បាប់ ចរាចរណ៍ មន្ត្រីអ្នកអនុវត្តន៍ច្បាប់ ដែលមិនគោរព តួនាទី ភារកិច្ចរបស់ខ្លួន ក៏ត្រូវច្បាប់កំណត់ ដាក់ទោសទណ្ឌ ធ្ងន់ធ្ងរផងដែរ។ ក្នុងមាត្រា ៧៤ នៃសេចក្តីព្រាងច្បាប់ថ្មី នេះបាន កំណត់ថា មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុង ក្របខណ្ឌមុខងារ ឬក្នុងឱកាសបំពេញ មុខងាររបស់ខ្លួន ហើយបានដកហូត យកប័ណ្ណបើកបរ ស្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះ ដោយបំពានច្បាប់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ ពី១០ម៉ឺន ទៅ៨០ម៉ឺនរៀល ។
ក្រៅពីការកំណត់ ទោសទណ្ឌធ្ងន់ធ្ងរទៅ នៅក្នុងសេចក្តី ព្រៀងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ក៏មានការកំណត់ ទៅលើ មធ្យោបាយដឹកជញ្ជូន និងមានការដាក់ នូវបទបញ្ញត្តិ ជាច្រើនផ្សេងទៀត សម្រាប់អ្នកធ្វើ ចរាចរណ៍លើដងវិថី ដែលគេរំពឹងថា នឹងជួយឲ្យការ ធ្វើចរាចរណ៍លើ ដងវិថីបានល្អប្រសើរ និងចូលរួមចំណែក កាត់បន្ថយ អត្រាគ្រោះ ថ្នាក់ចរាចរណ៍បានខ្ពស់ ។
សម្រាប់ប្រជាពលរដ្ឋកម្ពុជាអ្នកអនុវត្តច្បាប់យល់ឃើញថា វាគ្រាន់តែជាមួយចំណែកតូចប៉ុណ្ណោះចំពោះច្បាប់ថ្មីនេះក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ អ្វីដែលប្រជាពលរដ្ឋចង់និយាយនោះ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពតាមបទប្បញ្ញត្តិនេះបាន១០០ភាគរយ វាពិតជាល្អប្រសើរណាស់ ។ ប៉ុន្តែ ច្បាប់ចន្លោះប្រហោងគឺផ្តល់លទ្ធភាពឲ្យមន្ត្រីអ្នកអនុវត្តច្បាប់គៀបសង្កត់ទៅលើប្រជាពលរដ្ឋដែលខុសឆ្គង។ មិនទាន់ដឹងអីផង ប្រជាពលរដ្ឋនាំគ្នានិយាយថា «បង្កើតច្បាប់ធ្វើបាបប្រជាពលរដ្ឋទៀតហើយ» ។ អ្វីដែលសំខាន់គឺការពន្យល់អប់រំណែនាំឲ្យប្រជាពលរដ្ឋយល់អំពីតម្លៃនៃច្បាប់ មិនមែនប្រជាពលរដ្ឋខ្លាចសមត្ថកិច្ចដែលប្រចាំការនៅលើដងផ្លូវដូចសព្វថ្ងៃនោះឡើយ ។
ប្រជាពលរដ្ឋកម្ពុជាប្រឈមនឹងការលំបាកជាច្រើនក្នុងការធ្វើដំណើរ ។ ស្ថានភាពផ្លូវនៅក្នុងទីក្រុង ក៏ដូចទីប្រជុំជនមួយចំនួន មិនបង្កលក្ខណៈងាយស្រួលសម្រាប់ធ្វើដំណើរនោះឡើយ ។ កត្តាផ្លូវ កត្តាយានយន្តនៅតែជាបញ្ហា ។ ការផ្សព្វផ្សាយពាណិជ្ជកម្មស្រា ក៏ជាមូលហេតុមួយដែលជំរុញឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះដែរ ។ និយាយរួមទៅ មានកត្តាជាច្រើនដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ ច្បាប់ថ្មីនេះ អាចនិយាយបានថា រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានខ្លះដែរ ប៉ុន្តែស្តាប់សំឡេងប្រជាពលរដ្ឋឯណោះវិញ ហាក់ដូចជាកំពុងដេកព្រួយចំពោះច្បាប់នេះ ព្រោះម្នាក់ៗឮថា បើខុសច្បាប់ ប្រឈមនឹងការជាប់គុក ឬផាកពិន័យទ្វេដងលើសច្បាប់មុន ៕
ដោយ៖ នួន នរិន្ទ្រន៍