​ពលរដ្ឋ​នៅ​ឃុំ​រាយ​ប៉ាយ​ស្រុក​កងមាស​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ទឹក​ដាក់​ស្រែ

ចែករំលែក៖

​ខេត្ដកំពង់ចាម​៖​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ រាយ​ប៉ាយ​ ស្រុក​កងមាស​ ខេត្ដកំពង់ចាម​ បារម្ភ​ពី​រឿង​ខ្វះ​ទឹក​ដាក់​ស្រែ​នៅ​ពេល​ខាង​មុខ​ ។​ ក្ដី​បារម្ភ​នេះ​ក្រោយ​ពេល​តំបន់​ ប្រភព​ទឹក​ដែល​អ្នក​ភូមិ​ភាគច្រើន​ខំ​ទប់​ ទំនប់​រក្សា​ទឹក​ទុក​សម្រាប់​ដាក់​ស្រែ​នោះ​ ត្រូវ​ពលរដ្ឋ​មួយ​ចំនួន​តូច​ទៅ​កាប់​ទំនប់​ ដើម្បី​បង្ហូរទឹក​ចេញ​ទៅ​វិញ​ ។​ ចំពោះ​បញ្ហា​ នេះ​លោក​មេឃុំ​រាយ​ប៉ាយ​បញ្ជាក់​ថា​ លោក​នឹង​ចាត់វិធានការ​នៅ​សបា្ដហ៍​ ក្រោយ​ ។​

image

​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយ​ប៉ាយ​ដែល​ មាន​ស្រូវ​ស្រែប្រាំង​ស្ថិត​នៅ​ក្រៅ​តំបន់​ មេទឹក​ ឬ​ ក្រៅ​ប្រភព​ទឹក​បឹង​បាក់​អង្រុត​ បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ ដើម្បី​ស្នើ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ របស់​ពួក​គាត់​ ។​ ការ​ស្នើ​សុំ​របស់​ប្រជា​ ពលរដ្ឋ​ប្រមាណ​១០​នាក់​តំណាង​ឱ្យ​ពល​ រដ្ឋ​ជិត​១០០​គ្រួសារ​នោះ​នៅ​ពុំ​ទាន់​មាន​ ដំណោះស្រាយ​នៅឡើយ​ទេ​ ។​

​ពលរដ្ឋ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​និយាយ​ថា​ សកម្មភាព​បង្ហូរទឹក​ចេញពី​ តំបន់​មេទឹក​គឺ​កើតឡើង​ប្រមាណ​ជិត​១០​ ថ្ងៃ​មក​ហើយ​ ។​ លោក​បន្ដ​ថា​ តំបន់​នោះ​ ប្រជាពលរដ្ឋ​ប្រមាណ​៨០​គ្រួសារ​ខំប្រឹង​ រៃ​អង្គាសប្រាក់​គ្នា​សម្រាប់​ធ្វើ​ទំនប់​ កាល​ ពី​ទឹក​មិន​ទាន់​ឡើង​ដើម្បី​រក្សា​ទុក​ទឹក​ធ្វើ​ ស្រែប្រាំង​ ប៉ុន្ដែ​នៅ​ពេល​ទឹក​ចាប់ផ្ដើម​ ស្រក​បែរជា​មាន​អ្នក​ទៅ​កាប់​ទំនប់​បង្ហូរទឹក​ចោល​ទៅ​វិញ​ ។​ ប្រភព​ដដែល​បន្ដ​ ថា​ ការ​បង្ហូរទឹក​ចោល​នេះ​គឺ​ធ្វើ​ឱ្យ​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​ ដែល​មាន​ដីស្រែ​នៅ​ផ្នែក​ខាងលើ​ប្រភព​ទឹក​ជួបនឹង​គ្រោះ​មហន្ដរាយ​ ពីព្រោះ​ស្រូវ​ របស់​ពួក​គាត់​ខ្លះ​ទើប​មូល​ដើម​សន្ទូង​ខ្លះ​ ទើប​ចាប់ផ្ដើម​ផើម​ រីឯ​ទឹក​បឹង​វិញ​គឺ​ គេ​បង្ហូរ​ជិត​អស់​ទៅ​ហើយ​ ។​

​ពលរដ្ឋ​មួយ​រូប​ទៀត​បញ្ជាក់​ថា​ ពួក​ គាត់​បាន​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ឃុំ​ឱ្យ​ជួយ​ដោះស្រាយ​ប៉ុន្ដែ​មិន​ទាន់​មាន​លទ្ធផល​ល្អ​ទេ​ ។​ លោក​ថា​ ពលរដ្ឋ​ភាគច្រើន​អាច​ ត្រូវ​រង​គ្រោះ​ដោយសារ​ខ្វះ​ទឹក​ដាក់​ស្រូវ​ ប្រសិនបើ​អាជ្ញាធរ​មិន​ជួយ​ទប់ស្កាត់​ ហើយ​លោក​ក៏​មិន​ចង់ឱ្យ​ទ​ង្វើ​នេះ​កើត​ មាននៅ​ពេល​ក្រោយៗ​ទៀត​ដែរ​ ។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​លោក​មេឃុំ​រាយ​ប៉ាយ​ លោក​ ហេង​ ហ៊ា​ប​ មាន​ប្រសាសន៍​ ថា​អាជ្ញាធរ​ឃុំ​ចុះ​ពិនិត្យ​មើល​ភាព​ជាក់​ ស្ដែង​ម្ដង​រួច​មក​ហើយ​គឺ​ឃើញ​ថា​ទំនប់​បឹង​បាក់​អង្រុត​ដែល​ប្រជាពលរដ្ឋ​ខំ​ទប់​ កាលពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​គេ​ទម្លាយ​ដើម្បី​បង្ហូរទឹក​ចេញ​ប្រាកដ​មែន​ ។​ លោក​ ថា​ អាជ្ញាធរ​ឃុំ​រវល់​ការងារ​មួយ​ចំនួន​ ទើប​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​នេះ​ ។​ ទោះជា​យ៉ាងណា​លោក​ក៏​បាន​ប្រាប់​ពល​ រដ្ឋ​ឱ្យ​នាំ​គ្នា​ទប់​ទំនប់​នោះ​ឡើង​វិញ​ទម្រាំ​អាជ្ញាធរ​កោះហៅ​ប្រជាពលរដ្ឋ​ដែល​ មាន​ដីស្រែ​នៅ​ក្នុង​តំបន់​មេទឹក​មក​ធ្វើ​ កិច្ចសន្យា​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ហូរ​ ទឹក​ចេញពី​តំបន់​មេទឹក​ និង​មិន​ឱ្យ​មាន​ សកម្មភាព​នេះ​កើតឡើង​បន្ដ​ទៀត​ឡើយ​ ។​

​លោក​មេឃុំ​បន្ថែម​ថា​ បើ​ទោះបី​ ជា​មានការ​បង្ហូរទឹក​ចេញពី​តំបន់​ប្រភព​ទឹក​ខ្លះ​ក៏​ដោយ​ ប៉ុន្ដែ​វា​មិន​អាច​បង្ក​ឱ្យ​ ពលរដ្ឋ​មាន​ស្រូវ​ស្រែ​នៅ​ផ្នែក​ខាងលើ​ ប្រភព​ទឹក​ទាំងនោះ​ ខ្វះ​ទឹក​ដាក់​ស្រែ​ទេ​ គឺ​គ្រាន់តែ​ពួក​គាត់​ត្រូវ​ពិបាក​យក​ទឹក​ ពី​កន្លែង​ឆ្ងាយ​ពី​ស្រែ​របស់​ខ្លួន​ប៉ុណ្ណោះ​ ។​ លោក​បញ្ជាក់​ថា​ តាម​ពិត​ដី​ដែល​មាន​ នៅ​ក្នុង​តំបន់​មេទឹក​ទាំងអស់​មិន​អាច​ ក្លាយជា​សម្បត្ដិ​ផ្ទាល់ខ្លួន​ឬ​ជា​ដី​ឯកជន​ របស់​បុគ្គល​ណា​បាន​ទេ​ ពីព្រោះ​វា​ដី​បឹង​ ឬ​ជា​ដី​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់​ គ្រង​របស់​រដ្ឋបាល​ជលផល​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​ ២៣​ ធ្នូ​ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ស្ដី​ពី​វិធានការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ ប្រើប្រាស់​ ។​ ក្នុង​សារាចរ​ឱ្យ​ដឹង​ថា​ នៅ​ ឆ្នាំ​២០១៦​ខាង​មុខ​ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​បាតុភូត​អេ​ល​នី​ណូ​ (El​ Nino)​ ឬ​បា​តុ​ ភូត​ក្ដៅ​រហូត​ដល់​ចុងខែ​មិថុនា​ ។​ បាតុភូត​នេះ​ធ្វើ​ឱ្យ​រដូវវស្សា​មក​ដល់​យឺត​ហើយ​នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិចតួច​ហើយ​មាន​អាកាសធាតុ​ក្ដៅ​ហួតហែង​ជាដើម​ ហើយ​ស្ថានភាព​អាកាស​ ធាតុ​បែប​នេះ​នឹង​កើតឡើង​ចាប់​ខែកុម្ភៈ​ដល់​ចុងខែ​មិថុនា​ ។​ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ ខ្វះ​ទឹក​ប្រើប្រាស់​នៅ​តំបន់​មួយ​ចំនួន​រហូត​ដល់​ពាក់កណ្ដាល​ខែកក្កដា​ឆ្នាំ​២០១៦​ ។​

​រាជរដ្ឋាភិបាល​ក៏​បាន​ណែនាំ​ឱ្យ​កសិករ​ គឺ​អាច​ធ្វើ​ស្រូវប្រាំង​បាន​តែ​មួយ​ដង​ ប៉ុណ្ណោះ​ដោយ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​ដាំ​ដំណាំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ​ ។​ លើស​ពី​នេះ​ទៀត​អាជ្ញាធរ​ គ្រប់​ជាន់ថ្នាក់​ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ឡើង​ វិញ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print