ខេត្តកណ្តាល៖ ដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួនពីផែនការបង្ការ ល្បាត ឆែកឆេរអាវុធជាតិផ្ទុះ ពួនស្ទាក់ បង្ក្រាបបទល្មើស តាមការណែនាំពីលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបង្ក្រាបចាប់ចោរប្លន់បាន២នាក់នៅចំណុចផ្លូវលំ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានអោយដឹងថាក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់ម៉ូតូស្គូពី ពីជនរងគ្រោះដែលកំពុងធ្វើដំណើរនៅតាមផ្លូវក្នុងភូមិដុល ឃុំសន្លូង ស្រុកខ្សាច់កណ្តាលរួចមក កម្លាំងកងរាជអាវុធហត្ថស្រុកជាច្រើននាក់ដេញតាមបង្ក្រាបចាប់ខ្លួនក្រុមជនសង្ស័យបាន២នាក់ ទី១ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកោះចំការ ឃុំបឹងសាឡាង ស្រុកកំពង់ត្រាច ខេត្តកំពត ទី២ ឈ្មោះ គឿន ចាន់ធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មី ស្រុកដងទង់ ស្រុកដងទង់ ខេត្តកោះកុង ។
លោកសំ តុលា បានបញ្ជាក់ថា ក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពស្រែកគំរាមនិងធាក់ផ្តួលម៉ូតូជនរងគ្រោះ ឈ្មោះ ទិន ប៊ុនហៃ ភេទស្រី អាយុ 22ឆ្នាំ មុខរបរនិស្សិត ជនជាតិខ្មែរ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានបន្តទៀតថា ក្នុងប្រតិបត្តការបង្ក្រាបករណីលួចមានស្ថានទម្ងន់ខាងលើ កម្លាំងកងរាជអាវុធហត្ថបានដឹកហូតវត្ថតាង២គ្រឿង ម៉ូតូ១គ្រឿង ម៉ាក C125 ពណ៍ខ្មៅ ផ្លាកលេខ កំពង់ឆ្នាំង 1A-7424 (ម៉ូតូជនសង្ស័យ) ម៉ូតូម៉ាកស្គូពី ពណ៍ស ផ្លាកលេខ ភ្នំពេញ 1CO-2194 (ម៉ូតូជនរងគ្រោះ) កាបូបដៃពណ៍ស (របស់ជនរងគ្រោះ) ។ ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀតបានបើកម៉ូតូមួយគ្រឿងរត់គេចខ្លួនបាត់ទៅ ។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្ត និង ស្រុកកំពុងចាត់ការបន្តតាមនិតិវិធី និង ស្រាវជ្រាវស្វែងរកមុខសញ្ញាជាប់ពាក់ព័ន្ធបន្តទៀត ៕
ដោយ៖ ស្អាងជ័យ