ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាបនិងឡោមព័ន្ធអាគារអាផាតមិនចំនួន២ទីតាំងផ្សេងគ្នា ដោយបានឃាត់ខ្លួនជនជាតិចិនជាច្រើននាក់។ ក្នុងរង្វង់ប្រតិបត្តិការនេះបានធ្វើឡើងចាប់តាំងពីម៉ោង៣រសៀល រហូតដល់ម៉ោងជិត៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំនុចអាគារអាផាតមិនលេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ ក្រុម២១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងទីតាំងមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ដូចគ្នា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យកណ្តាលសន្តិសុខ បានសហការ ជាមួយនគរបាលអន្តោប្រវេសន៍ និងនគរបាលមូលដ្ឋាន ។
ជាបឋមសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន១០នាក់ និងដកហូតកុំព្យូទ័របានជាច្រើនគ្រឿងនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំណែកឯនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង បានជាច្រើននាក់បន្ថែមទៀត ដោយការចុះបង្ក្រាបក្រុមជនសង្ស័យខាងលើនេះ គឺមានដីកាចាប់ខ្លួនរបស់នគរបាលចិន ។
ទោះបីជាយ៉ាងណា ក្រុមអ្នកសារព័ត៌មានពុំទាន់មានការបញ្ជាក់ណាមួយថា របស់សមត្ថកិច្ចក្នុងការចុះបង្ក្រាបជនជាតិចិននេះជាករណីអ្វីឲ្យប្រាកដនៅឡើយ ប៉ុន្តែប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានបង្ហើបថា គឺជាករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត ៕ដោយ៖ ភារ៉ា ដង្កោ