ដំណើរទស្សនកិច្ចផ្លូវការលោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អ រវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគីតំបន់ និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​​ណាចក្រកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ។

 

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅក្នុងក្នុងអំឡុងទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

 

ក្រៅពីជួបប្រមុខរដ្ឋស្តីទី និង ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្ធេភាគីជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុងឱកាសនោះនាយករដ្ឋមន្ត្រីទាំងពីរ និងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី , ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ។

 

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មានគោលបំណងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

 

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា បានបង្ហាញថាបាននឹងរួមចំណែកកាន់តែប្រសើរ ក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អ រវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគីតំបន់ និងអន្តរជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print