លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលបាក់ នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈទឹកទន្លេកំពុងឡើងជិតប្រកាសអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ក្រោមឱវាទ នៅព្រឹកថ្ងៃទី ០៩ខែកញ្ញាឆ្នាំ ២០១៩ នេះ បានចុះ ត្រួតពិនិត្យទីតាំងច្រាំង ទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ការចុះមកធ្វើការត្រួតពិនិត្យលើទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លខាងលើមានការបាក់ស្រុតបន្តទៀត។

លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរងការបាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេបានហក់ឡើងយ៉ាងគង្ហុកនា រយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុននេះមានប្រវែងប្រមាណ២០ម៉ែត្រ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើមធ្វើការបោះ បង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុតនេះ ជាមួយនិងការបញ្ជូន សាឡង់មួយគ្រឿងដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរសំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារ តែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។

ពាក់ព័ន្ធនិងការបម្រើសេវាជូនប្រជាពលរដ្ឋខាងលើនេះ លោកឃួង ស្រេង ក៏បានតាមដាន និងបញ្ជាផ្ទាល់នៅទីតាំងកើតហេតុជាច្រើនម៉ោងដើម្បីឲ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាព ភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់កោះដាច់នេះ។

ក្រោយពីចុះធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់រួចមកលោកអភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញចុះមកធ្វើការត្រួតពិនិត្យច្រាំងទន្លេមួយកន្លែងទៀតនៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ដែលទីតាំងនេះក៏បានទទួលរងការគម្រាមកំហែងដោយការបាក់ច្រាំងទន្លេផងដែរ ខណៈដែរវិស័យឯកជនបានកំពុងតែចាក់ដី ថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំអោយបាក់ចូលភូមិដ្ឋានរបស់ពួកគាត់។

ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រចំពោះការបង្ការនិងទប់ស្កាត់កុំអោយបាក់ច្រាំងទន្លេនេះ តែសុំអោយបងប្អូនប្រជាពលរដ្ឋសុំច្បាប់មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានីនិងអនុញ្ញាតិច្បាប់ជូដើម្បីអោយការចាក់ថ្ម ដីចូលច្រាំងទន្លេនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print