បើករថយន្ដល្បឿនលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កបើកស្របទិសគ្នានៅខាងមុខបណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្ត​កណ្ដាលៈ រថយន្ដមួយគ្រឿង បើកដោយល្បឿនលឿន បានជ្រុលមកបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលបើកនៅខាងមុខ ស្របទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង២២និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ៣៥-៣៦ ស្ថិតក្នុងភូមិឡឥដ្ឋ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រស់ បូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ ពណ៌ស គ្មានស្លាកលេខ ។ ចំណែកភាគីខាងរថយន្ដម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-7499 ស៊េរីឆ្នាំ២០០៤ បើកបរដោយឈ្មោះ ឆៃយ៉ា បរិញ្ញា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ (លក់ឡេ) មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដម៉ាកព្រូសមួយគ្រឿង បើកដោយល្បឿនលឿន ស្ថិតក្នុងសភាពមេឃភ្លៀងផងនោះ ក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅធ្វើការអន្ដរាគមន៍ហៅរថយន្ដសាមុយដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print