ភ្នំពេញ ៖ មានរយៈពេល៨ថ្ងៃហេីយមកដល់ថ្ងៃទី១៥កញ្ញានេះ បេីគិតពីថ្ងៃចាប់ផ្តេីមជាប់កឿងសាឡង់ដឹកខ្សាច់នឹងសសរគ្រឹះស្ថាន ព្រែកតាម៉ាក់ ខណៈក្រុមការងារជំនាញចម្រុះបេីកប្រតិបត្តិការអូសសាឡង់ចេញពី សសរស្ពានត្រូវបរាជ័យ ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩អោយដឹងថា ក្រោយពីបូមខ្សាច់ចេញពីសាឡង់អស់ ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តំណាងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងអន្តរាគមន៏ អង្គរក្ស សម្តេចតេជោ និងក្រុមអ្នកជំនាញការបច្ចេកទេស សាងសង់ស្ពានមកពីប្រទេសចិន ព្រមទាំងមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការអូសសាឡង់ជាច្រើនលើកច្រើនសារ ហើយជម្រើសចុងក្រោយក្រុមការងារបានសរុបកំលាំងរួមគ្នា អូសទាំងផ្លូវទឹក អូសទាំងលើគោក នៅតែមិនអាចអូស
សាឡង់ខាងលើនេះបាន ដោយសារសម្ពាធទឹកខ្លាំងពេក ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនអោយដឹងទៀតថា បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកជំនាញការ បច្ចេក ទេសសាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់ក្បឿងខាងលើ មិនធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ ទាំងមូលទេ ។ ដូច្នេះក្រុមការងារបាន សម្រេចធ្វើការផ្អាកនូវប្រតិបត្តិការអូសសាឡង់ខាងលើនេះជាបណ្តោះអាសន្នហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មី នៅពេលទឹកមានសភាពធូរស្រាលឡើងវិញ។
គួរបញ្ជាក់ថា បញ្ហាជាប់កឿងសាឡង់ដឹកខ្សាច់បានកេីតឡេីងកាលពីរសៀលថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយបានកំលាំងទឹកបោកជាប់នឹងជើងតាងនៃសសរស្ពានផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ៕