ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីតារាកំប្លែងនាយកុយ តារាសម្តែងប្រុសស្រស់សង្ហា លោក ជា លាងឈែ និងតារាស្រីក្រម៉ិចក្រម៉ើម ចន្ធី ដាឡែន លេចមុខក្នុងការថតភាពយន្តបែបកំប្លែងថ្មីមួយដែលជាកិច្ចសហការផលិតរវាងផលិតករខ្មែរ និងផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិន។ ភាពយន្តនេះលោកក៏ត្រូវបានចូលរួមសម្តែងជាមួយនិងសិល្បករមកពីប្រទេសចិនផងដែរ។
ភាពយន្តសំណើចបែបកំប្លែងខ្លីៗដែលតារាខ្មែរ-ចិន កំពុងថតរួមគ្នានេះនៅមិនទាន់បានបញ្ជាក់ពីចំណងជើងរឿងនៅឡើយ ខណៈដែលការផលិតចាប់ផ្តើមតាំងពីអំឡុងដើមខែកញ្ញានេះម្ល៉េះ។ តាមការបញ្ជាក់របស់លោក ជា លាងឈែ ដែលជាតួឯកប្រុសក្នុងភាពយន្តនេះបានលើកឡើងថា បើមិនមានការប្រែប្រួលទេភាពយន្តនេះនឹងត្រូវបញ្ចប់ក្នុងអំឡុងចុងខែកញ្ញានេះតែម្តង។ លោកថាលោកត្រូវសម្តែងជាតួឈ្មោះបុត្រដែលទើបនឹងបញ្ចប់ការសិក្សានៅប្រទេសចិន ហើយបានបម្រើការងារជាបុគ្គលិកក្រុមហ៊ុនមួយជាមួយថៅកែប្រុសសម្តែងដោយនាយកុយ។ ក្នុងនោះដែរមានតួអង្គសំខាន់ៗជាច្រើននិងសាច់រឿងដែលបង្កើតឲ្យមានឈុតឆាកកំប្លែងផ្ទុះសំណើចគ្រប់ឆាកទាំងអស់។ លោកថានេះគឺជាលើកដំបូងដែលលោកសម្តែងរួមជាមួយតារាសម្តែងមួយចំនួនមកពីប្រទេសចិន ហើយភាពយន្តនេះលោកក៏ត្រូវប្រើប្រាស់ភាសាចិនខ្លះដើម្បីសម្តែងរួមជាមួយពួកគាត់ផងដែរ។
កញ្ញា ចន្ធី ដាឡែន ដែលជាតួឯកស្រី វិញបានលើកឡើងថាជាភាពយន្តដែលមានកិច្ចសហការរវាងទូរទស្សន៍ក្រសួងមហាផ្ទៃ Nice Tv វិទ្យុមិត្តភាពកម្ពុជា-ចិន ហើយនាងពិតជារំភើបដែលទទួលបានឱកាសសម្តែងក្នុងភាពយន្តបែបកំប្លែងបែបនេះ ហើយជាប្រភេទភាពយន្តដែលនាងពេញចិត្ត។ នាងថាក្រោយចូលរួមសម្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនាងយល់ថារឿងនេះពិតជាកំប្លែងដែលនឹងធ្វើឲ្យទស្សនិកជនសើចចុកពោះ។ កញ្ញា បន្តថា ជារសជាតិថ្មីដែលនាងនិងសិល្បករខ្មែរ បានសម្តែងរួមគ្នាជាមួយតារាសម្តែងមកពីប្រទេសចិន៕