ភ្នំពេញ ៖ ទោះពិការភ្នែកតែមិនពិការបេះដូងទេ ពួកគាត់មិនចុះចាញ់ធម្មជាតិឡើយ ខិតខំរៀនសូត្ររហូតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និងមានគោលដៅបន្តថ្នាក់បរិញ្ញាបត្រតាមជំនាញចូលចិត្តរៀងៗខ្លួន ។
ដើម្បីលើកទឹកចិត្តដល់ប្អូនៗពិការភ្នែកចំនួន០៤នាក់មកពីសាលាអប់រំពិសេសភ្នំពេញថ្មី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជួបសំណេះសំណាលជាមួយលោកគ្រូ និងសិស្សពិការភ្នែកចំនួន៤នាក់ដែលបានប្រឡងជាប់ស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូដែលខិតខំយកចិត្តទុកដាក់អប់រំដល់សិស្សបានល្អដែលសាលានេះបញ្ជូនសិស្ស៤នាក់ទៅប្រឡងហើយជាប់ទាំង៤នាក់ពោលគឺ១០០%។ លោកបានបន្តកោតសរសើរដល់ប្អូនៗដែលខិតខំយកចិត្តទុកដាក់រៀនសូត្រស្តាប់បង្គាប់គ្រូ តស៊ូលំបាករហូតបានប្រឡងជាប់ស្ថាពរសញ្ញប័ត្រមធ្យមសិក្សាទុតិយភូមិ ពិតជាមិនធ្វើឲ្យលោកគ្រូអ្នកគ្រូអស់សង្ឃឹមមែន ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្អូនៗ និងអញ្ជើញមកសាកសួរសុខទុក្ខនៅសាលានេះរាល់ឆ្នាំ។
លោកអភិបាលបានជម្រុញលើកទឹកចិត្ត និងចែករំលែកនូវបទពិសោធន៍ពីជីវិតការងារដល់ប្អូនៗពិការភ្នែកទាំង៤នាក់ សូមឲ្យប្អូនខិតខំរៀនសូត្របន្តនៅថ្នាក់បរិញ្ញាបត្រ ត្រូវរៀនឲ្យចេះគ្រប់មុខកុំប្រកាន់ ត្រូវស្តាប់បង្គាប់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ដើម្បីទៅកាន់ភាពជោគជ័យធ្វើឲ្យជីវិតប្រសើរឡើង។ លោកបានបន្តផ្តាំផ្ញើបើមានការខ្វះខាតសូមឲ្យគ្រូទាក់ទងមកនឹងខិតខំសម្រួលជូនតាមអ្វីដែលអាចធ្វើទៅបាន។ ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌបានឧបត្ថមលើកទឹកចិត្តដល់ប្អូនៗសិស្សពិការភ្នែក៤នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា១.០០០.០០០រៀល ៕ ដោយ ៖ សីហា