ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឈានា កាលពីថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញនេះ បានចេញប្រកាសមួយ ស្តីពី “ការដាក់វិន័យមន្ត្រីរាជការ” ដែលសម្រេចដាក់វិន័យលោក ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញពីមុខតំណែងរាជការក្របខ័ណ្ឌក្រសួងយុត្តិធម៌ ។
កន្លងមក លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍និងមហាអយ្យការ បញ្ជាក់តាមសេចក្តីប្រកាសព័ត៌ មាន ថា ឈ្មោះ ទេព ធីរិទ្ធ ជាអតីតក្រឡាបញ្ជីសាលាឧទ្ធរណ៍ ដោយបានបញ្ឈប់ពីការងារកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ ហើយឈ្មោះនេះនៅតែឆ្លៀតយកតួនាទីជាក្រឡាបញ្ជីទៅប្រព្រឹត្តអំពើខុសឆ្គង ។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បញ្ជាក់យ៉ាងច្បាស់ថា “ករណីវីតិក្រមប្រព្រឹត្តដោយឈ្មោះ ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ” ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី “កិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ” ។
ទោះបីយ៉ាងណា សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនឈ្មោះ ទេព ធីរិទ្ធ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បញ្ជូនមកតុលាការ ។ ប៉ុន្តែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ពៅ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ទេព ធីរិទ្ធ តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ “វិតិក្រម” ។
យោងតាមក្រមព្រហ្មទណ្ឌនៃកម្ពុជា មាត្រា៥៩២ វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត ដែល ៖
១-ទាមទារ ឬ ទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់។
២-យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់។
ទោសដែលត្រូវអនុវត្ត មាត្រា៥៩៣ បទវីតិក្រម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ៕