បើកបររថយន្តបញ្ច្រាសផ្លូវ បណ្តាលឲ្យនគរបាលមួយរូបជិះម៉ូតូ​បុកប៉ះស្លាប់នឹងកន្លែង

ចែករំលែក៖

    ភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូបបានជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យបាត់បង់ ជីវិត កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ទុបក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
   សពជនរងគ្រោះមានឈ្មោះ ជឹម រតនៈ អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីប៉ូលិសប្រចាំការនៅស្ថាទូតឥណ្ឌា ។ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5883 បានបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវមកខាងឆ្វេងដៃបំណងចតរថយន្តក្នុងដីឡូត៍ដើម្បីសម្រាក់ តែគាប់ជួនបើកឆ្លងបានពាក់កណ្តាលផ្លូវត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បើកបរទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿនមកបុកចំពីមុខយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូចូលក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកបុរសខាងលើបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ភ្លាមៗនោះដែរ តៃកុងរថយន្តបានចុះគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ ។ ក្រោយមកគេឃើញវត្តមានបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ មានការសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print