ខេត្តកណ្ដាលៈ រថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរដោយល្បឿនលឿន ជ្រុលចង្កូតបុករថយន្ដដឹកទំនិញមួយគ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដដឹកទំនិញនោះ រុញទៅមុខ បុកម៉ូតូមួយគ្រឿងដែលឈប់ទិញអីវ៉ាន់លើចិញ្ចើមផ្លូវ ធ្វើឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា រថយន្ដបង្កម៉ាក HYUNDIA ធុនធំ ប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-0355 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។ ចំណែកភាគីខាងរថយន្ដ ប្រភេទដឹកទំនិញមួយគ្រឿងទៀតនោះម៉ាក HYUNDIA ធន់ធំ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3D-9305 បើកបរដោយឈ្មោះ ផាត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ ម៉ៅ ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបត់សន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក HONDA ធុនសេ25 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HK-8601 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកគូថរថយន្ដមួយគ្រឿងទៀតប្រភេទដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដប្រភេទដឹកទំនិញនោះ រុញទៅមុខ ក៏បានបុកម៉ូតូបុរសម្នាក់នៅលើម៉ូតូដែលឈប់លើចិញ្ចើមផ្លូវ ខណៈកំពុងទិញអីវ៉ាន់ ធ្វើឲ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូនោះទទួលរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ ។ ចំណែករថយន្ដទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក្រឡុកស៊ីម៉ង់ត៍ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ ៕
...