សិល្បករ និងមហាជនសោកស្តាយចំពោះមរណភាពរបស់នាយ សានម៉ៅ

ចែករំលែក៖

ភ្នំពេញ៖ សិល្បកររួមអាជីព និងមហាជនបានបង្ហាះអារម្មណ៍សោកស្តាយចំពោះការបាត់បង់ជិវិតអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព លោក ធូ ចំរ៉ុង ហៅនាយសានម៉ៅ។ សិល្បករ និងមហាជនបានចាត់ទុកការបាត់បង់ជិវិតរបស់តារាកំប្លែងល្បីឈ្មោះរូបនេះថាជាការបាត់បង់ធនធានមនុស្សដ៏មានទេពកោសល្យ។
មានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក ដោយសារតែមានដំណឹងថា លោកបានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះ។
សពរបស់លោក ត្រូវបានដឹកមកតម្កល់ធ្វើបុណ្យនៅផ្ទះព្រែកប្រា ខណៈដែលដំណឹងមរណភាពរបស់លោក ធ្វើឱ្យមនុស្សភាគច្រើនមិនចង់ជឿត្រចៀកនោះទេ ដោយសារតែស្រស់ៗពេក។ មរណភាពរបស់លោក គឺជាការបាត់បង់វិរៈសិល្បករដ៏ឆ្នើមមួយរូប ដែលធ្វើអោយអ្នកគាំទ្រលោកភាគច្រើនក្ដុកក្ដួល។នាយសាន ម៉ៅ អាយុ៦០ឆ្នាំ ដែលមានជំងឺបេះដូងចំហរ និងហើមសួត និងធ្លាប់បានវះកាត់បំពង់កររហូតនិយាយលែងកើត ហើយស្ថានភាពជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមិន្ទីរពេទ្យនាប្រទេសថៃបន្ត ប៉ុន្តែការព្យាបាលមិនទទួលបានលទ្ធផលល្អ។
តាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន សមាគមសិល្បករខ្មែរ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារបន្ទាប់ពីលោក សាន ម៉ៅ ។ នាងថានាងពិតជាស្លុតចិត្តណាស់ពេលដែលបានទទួលដំណឹងដ៏សោកសៅនេះ ការចាកចេញរបស់តារាកំប្លែងរួបនេះគឺជាក្តីសោកសង្រេងជាទីបំផុតដែលក្នុងនាមជាក្មួយ ជាសិល្បការនីជំនាន់ក្រោយដែលតែងតែគោរពប្រណិប័តរៀមច្បងដ៏ល្អម្នាក់ ។ យើងទាំងអស់គ្នាបានបាត់បង់តារាកំប្លែងជើងចាស់ខ្មែរដ៏ល្បីប្រចាំប្រទេសកម្ពុជាមួយរូបទៀតហើយ ។ សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព ទោះលោកពូបានលាចាកលោកនេះមែនតែស្នាដៃសិល្បៈរបស់លោកពូស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរជានិច្ច។
​ដៃគូសម្តែង និងច្រៀងកាត់សក់តាមរោងការ អ្នកនាងខាត់ សុឃីម ហាក់សម្តែងអារម្មណ៍មិនអស់ចិត្តសោកស្តាយខ្លាំងនូវការបាត់បង់សិល្បករ និងជាដៃគូសម្តែងរួមគ្នា។ នាងថា តារាកំប្លែងរូបនេះដាច់ចិត្តចាកចេញទៅដោយមិនលាមួយម៉ាត់។ ទោះជាយ៉ាងណានាងបួងសួងសុំឲ្យវិញ្ញាណក្ខ័ណ្ឌមិត្តនិងរៀមច្បងរួមអាជីពនេះបានទៅដល់ឋានបរមសុខ។
​គួរបញ្ជាក់ដែរថា នាយសានម៉ៅ ត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថាជាសិល្បករផ្នែកកំប្លែងមានប្រជាប្រិយភាពម្នាក់ក្នុងចំណោមសិល្បករកំប្លែងនៅកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមកហើយ។ មុនពេលចូលសម្តែងកំប្លែងលើឆាក និងក្នុងភាពយន្តនោះ នាយសានម៉ៅ គឺជាសិល្បករផ្នែកល្ខោនបាសាក់នៅក្នុងវង់មួយនាតំបន់ព្រែកប្រា៕  ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print