ភ្នំពេញ ៖ លិខិតគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់បណ្តាសប្បុរសជនទាំងឡាយ ពិសេសក្រុមអ្នកពាណិជ្ជករ អាជីវករ សិប្បករ និងវិនិយោគិន ឲ្យជួយឧបត្ថម្ភជាថវិកា ឬ ជាសម្ភារ រួមមាន ៖ ខោ អាវ មួក កន្សែង សារុង ក្រមា ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដើម្បីបានជូនជារង្វាន់ដល់ក្រុមកីឡាករ កីឡាការិនី ទូកអុំ ទូកចែវ ដើម្បីរួមចំណែកបម្រើការរៀបចំព្រះរាជពិធីបុណ្យប្រពៃណីជាតិយើងឱ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។
លិខិតអំពាវនាវខាងលើនេះបានគូសបញ្ជាក់អោយដឹងទៀតថា ដើម្បីបើកឱកាសជូនប្រជារាស្ត្រកម្សាន្តសប្បាយរីករាយ និងចូលរួមថែរក្សាឱ្យគង់វង្សនូវប្រពៃណីជាតិ ដែលជាប់ទាក់ទងទៅនឹងប្រវត្តិសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសម្តែងមនោសញ្ចេតនា ប្រកបដោយកតញ្ញូតាធម៌ ចំពោះព្រះករុណាទិគុណ នៃព្រះរតនត្រ័យ ពពួកទេវតា និងវត្ថុស័ក្តិសិទ្ធិ ដែលបានគាំពារ និងជួយឧបត្ថម្ភដល់វិស័យកសិកម្មឱ្យមានការរីកចម្រើន រុងរឿង ព្រមទាំងជាឱកាសបួងសួង សូមឱ្យបារមី នៃព្រះពុទ្ធជាអម្ចាស់ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក បន្តជួយឧបត្ថម្ភ វិស័យកសិកម្ម នារដូវខាងមុខនេះឱ្យទទួលបានទិន្នផលខ្ពស់ថែមទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងពាណិជ្ជករ អាជីវករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងជាតិ-អន្តរជាតិ សូមព្រះមេត្តា និងមេត្តាជួយ ឧបត្ថម្ភជាថវិកា ឬជាសម្ភារមាន ខោ អាវ មួក កន្សែង សារុង ក្រមា ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតដើម្បីបាន ជូនជារង្វាន់ដល់ក្រមកីឡាករ កីឡាការិនីទូកអុំទូកចែវ និងបានរួមចំណែកបម្រើការរៀបចំព្រះរាជពិធី បុណ្យប្រពៃណី ជាតិយើង ឱ្យប្រព្រឹត្តទៅបានយ៉ាង មហោឡារិក អធិកអធម ប្រកបដោយបរិយាកាសសប្បាយរីករាយ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០-១១ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ៕ ដោយ ៖ ជាយក្រុង