ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យចេញផ្សាយធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ១៥០០០រៀល តាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ខណៈបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្តីពីការចេញផ្សាយ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ។
សេចក្តីសម្រេចរាជរដ្ឋាភិបាលមានដូចខាងក្រោមនេះ ៖
-អនុញ្ញាតឱ្យចេញផ្សាយធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
-ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ១៥០០០រៀលនេះ ។
-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីរដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕