ខេត្តព្រះសីហនុ ៖ រថយន្តចំនួន៣គ្រឿងបានបុករះគ្នានៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ បណ្តាលឲ្យរងគ្រោះមនុស្សធ្ងន់២នាក់ត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈរថយន្ត៣គ្រឿងបានរងការខូចខាត ។
ប្រភពព័ត៌មានពីនគរបាលចរាចរខេត្តព្រះសីហនុអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0778 ជាកម្មសិទ្ធក្រុមហ៊ុន R (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅចូលក្រុងព្រះសីហនុ ។ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន០២គ្រឿង មានទិសដៅស្របគ្នា ។
អត្តសញ្ញាណមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង និងអ្នកបើកបរមានឈ្មោះដូចខាងក្រោម ៖
-១-រថយន្តម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរសិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន0២នាក់អង្គុយខាងក្រោយ ។
-២-រថយន្តម៉ាក IZUZU ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធចន្ទ័រះ អ្នកបើកបរឈ្មោះ សឿ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-២ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0778 ជាកម្មសិទ្ធក្រុមហ៊ុន R (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ។
តាមរបាយការណ៍បឋមឲ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន០២នាក់ អ្នករួមដំណើរលើរថយន្តTACOMA ១-ឈ្មោះ ណៃ ចិន្ដា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ , ២-ឈ្មោះ លិ ប៊ុនថេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ។
បច្ចុប្បន្នអ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ចំណែកអ្នកបើកបររថយន្តដឹកថ្ម រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្តចំនួន០៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕