ក្រោយពេលដែលជប៉ុនបានធ្វើការសុំទោសជាផ្លូវការនិងសងជំងឺចិនដល់ស្ត្រីរងគ្រោះដែលចាប់បង្ខំឲ្យធ្វើជាទាសករផ្លូវភេទបម្រើទាហានជប៉ុនក្នុងសម័យអាណានិគមន៍នោះ ពេលនេះក៏បានចេញមុខទាមទារដូចគ្នានេះដែរ ។
បន្ទាប់ពីកូរ៉េខាងត្បូង ដល់ពេលកោះតៃវ៉ាន់បានមានប្រតិកម្មភ្លាមៗដែរថា ជប៉ុនក៏ត្រូវតែសងជំងឺចិត្តដល់ស្ត្រីជនជាតិតៃវ៉ាន់ដែរ ។ ជាការពិតស្ត្រីកំដរផ្លូវភេទដែលត្រូវកងទ័ពជប៉ុនចាប់បង្ខំក្នុងពេលធ្វើអាណានិគមន៍ចក្រព័ត្រជប៉ុន គឺមិនមែនមានតែជនជាតិកូរ៉េទេគឺមានស្ត្រីតៃវ៉ាន់ ចិន និងហ្វីលីពីនជាដើម ។
ជប៉ុនសងជំងឺចិត្តស្ត្រីជនជាតិកូរ៉េអីចឹង មានរឿងអីដែលស្ត្រីជនជាតិតៃវ៉ាន់មិនត្រូវបានទទួលសំណងដែរ? នេះគឺជាប្រសាសន៍របស់លោក ម៉ា យីងជើ ប្រធានាធិបតីកោះតៃវ៉ាន់ ដែលបានមានប្រតិកម្ម ក្រោយពេលដែលជប៉ុននិងកូរ៉េខាងត្បូងបានសម្រេចចុះកិច្ចព្រមព្រៀងស្តីពីការសងជំងឺចិត្ត ទៅដល់ស្ត្រីទាសករផ្លូវភេទកូរ៉េក្នុងជំនាន់អាណានិគមន៍ជប៉ុន។ លោកប្រធានាធិបតីតៃវ៉ាន់ក៏បានទាមទារឲ្យជប៉ុនធ្វើការសុំទោសជាសាធារណៈ នូវទង្វើព្រៃផ្សៃអមនុស្សធម៌កន្លងទៅដែលខ្លួនធ្លាប់បានប្រព្រឹត្តិក្នុងសម័យសង្គ្រាមចក្រព័ត្រ ទៅលើប្រជាជនតៃវ៉ាន់។
កោះតៃវ៉ាន់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានចក្រព័ត្រជប៉ុន ហើយកាលជំនាន់នោះមានស្ត្រីតៃវ៉ាន់ជាច្រើនត្រូវបានគេកៀរគរចាប់បង្ខំឲ្យធ្វើជាស្ត្រីកំដរបម្រើការសប្បាយរបស់ទាហានជប៉ុន។ គ្រប់ប្រទេសដែលធ្លាប់ស្ថិតក្រោមអំណាចជប៉ុនកាលជំនាន់នោះ គឺមានករណីចាប់បង្ខំស្ត្រីឲ្យធ្វើជាទាសករផ្លូវភេទនេះ នៅគ្រប់ទីកន្លែងឲ្យតែមានទាហានជប៉ុន ដូចជានៅចិន កូរ៉េ ហ្វីលីពីននិងឥណ្ឌូនេស៊ីជាដើម។ នៅកោះតៃវ៉ាន់មានស្ត្រីចំនួនប្រជាជនប្រមាណជា៥៨នាក់ ប៉ុណ្ណោះដែលត្រូវជប៉ុនទទួលស្គាល់ជាផ្លូវការថា ពិតជាស្ត្រីដែលធ្លាប់រងគ្រោះ ដោយការចាប់បង្ខំឲ្យធ្វើស្រីកំដរ។ បច្ចុប្បន្នអ្នកដែលនៅរស់មានជីវិតនៅតៃវ៉ាន់គឺសល់តែ៤នាក់ប៉ុណ្ណោះ ដែលភាគច្រើន មានអាយុជាង៩០ឆ្នាំទៅហើយ។ប៉ុន្តែសម្រាប់អ្នកជំនាញប្រវត្តិសាស្ត្រជាច្រើន យល់ថាចំនួនស្ត្រីដែលធ្លាប់ធ្វើជាទាសករផ្លូវភេទឲ្យជប៉ុននៅលើកោះតៃវ៉ាន់ គឺមានចំនួនប្រមាណជា២.០០០នាក់ មិនមែន៥៨នាក់ទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី