សាទររឿង “ណូលីណូឡា” របស់មហាហង្សជាប់ឈ្មោះចូលរួមមហោស្រពនៅចិន

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបអប់រំកំប្លែងឆ្លុះបញ្ចាំងពីប្រពៃណី និងជីវិតរស់នៅក្នុងសង្គម គឺរឿង”ណូលីណូឡា” របស់ផលិតកម្មមហាហង្សត្រូវបានជាប់ឈ្មោះទៅចូលរួមប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិមួយនៅប្រទេសចិន។ ជាកិត្តិយសនិងមុខមាត់ថ្មីមួយទៀតក្នុងវិស័យភាពយន្តខ្មែរដែលសម្រេចបានជាមួយស្នាដៃភាពយន្តដែលផលិតដោយជនជាតិខ្មែរ ទៅបង្ហាញមុខលើឆាកអន្តរជាតិ។ 

ថ្លែងមុនពេលឡើងយន្តហោះចេញទៅប្រទេសចិន លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស បានលើកឡើងថាលោកពិតជាមានមោទនភាពដែលភាពយន្ត” ”ណូលីណូឡា” ដែលផលិតឡើងនៅឆ្នាំ២០១៨ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តលើកទី៦”Silk Road Film Festival” ដែលនឹងធ្វើនៅខេត្តសៀងមិញ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកថាពីកម្ពុជាមានភាពយន្តប្រមាណជាង១០រឿងដែលត្រូវបានដាក់ឲ្យធ្វើការវាយតម្លៃនិងជ្រើសរើស ហើយមាន២រឿងដែលជាប់ទៅប្រកួតលើកនេះគឺរឿង ”ណូលីណូឡា” និងរឿង “Jail Break”។ លោកថាភាព យន្តនេះនិពន្ធដោយកញ្ញា ម៉ៅ ចាន់រស្មី កែសម្រួលដោយលោកផ្ទាល់និងឆ្លុះបញ្ចាំងពីការអប់រំ និងជីវិតរស់នៅក្នុងសង្គមខ្មែរ។ លោកថាអ្វីដែលលោកសម្រេចផលិតភាពយន្តនេះគឺដើម្បីចូលរួមប្រកួតប្រជែងនេះឯងព្រោះ តែលក្ខខណ្ឌនៃការចូលរួមប្រគួតភាពយន្តត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម សិល្បៈ វប្បធម៌ប្រពៃណីខ្មែរ ។ បើទោះបីជាមិនទាន់ទទួលបានលទ្ធផលនៅឡើយលើការប្រកួតប្រជែង ប៉ុន្តែយើងមានមោទនភាពដែលបាន យកភាពយន្តខ្មែរដែលមានគុណភាពទៅបង្ហាញ​លើ​ឆាកអន្តរជាតិ។ 

លោកបន្តថា ការចេញដំណើរលើកនេះមានថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ និងសិល្បករមួយចំនួនដូចជាលោក ភឹម តារាវិបុល និងកញ្ញា ភិន សុដាលីស ដែលជាតារាសម្តែងក្នុងភាពយន្តនេះផ្ទាល់ដើម្បីចូលរួមបង្ហាញមុខក្នុងកម្មវិធីកម្រាលព្រំក្រហមនៅទីនោះហើយក៏មានវត្តមានតារាសម្តែង ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ជាតារាកិត្តិយសផងដែរដែលត្រូវចូលរួមកម្មវិធីដ៏ធំមួយនេះ។ លោកថាដំណើររយៈពេលមួយសប្តាហ៍ពេញនេះក៏នឹងមានជំនួបជាមួយផលិតករ សិល្បករអន្តរជាតិមកពីបណ្តាប្រទេសជាង១០០ ផ្សេងទៀតដើម្បីពិភាក្សា សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក។

លោកក៏នឹងស្វាគមន៍ចំពោះកិច្ចសហការជាមួយក្រុមផលិតករបរទេសដើម្បីធ្វើយ៉ាងណាដកស្រង់យកបទពិសោធន៍ល្អៗមកអភិវឌ្ឍន៍បន្ថែមក្នុងផលិតកម្មក៏ដូចជាវិស័យភាពយន្តក្នុងស្រុក។ លោករំពឹដែរថាដំណើរចេញទៅចូលរួមកម្មវិធីលើកនេះនឹងទទួលបានផ្លែផ្កាល្អគួរជាទីមោទនៈ ហើយលោកក៏មានគម្រោងបញ្ចេញស្នាដៃភាពយន្តបែបអប់រំថ្មីៗបន្ថែមទៀតដើម្បីចូលរួមប្រកួតប្រជែងបន្ថែមលើភាពយន្តថ្មីរឿង”លោកឪពុក” ដែលទើបនឹងដាក់បញ្ចាំងនិងកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជននោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print