យុវតី២នាក់ទៅលេងបុណ្យកឋិន ជាមួយគូដណ្តឹងបាត់ខ្លួនឈឹងមិនឃើញមកផ្ទះវិញ

ចែករំលែក៖

ខេត្តតាកែវ: យុវតីស្រស់ស្អាតពីរនាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានបាត់ខ្លួនមិនឃើញវិលត្រឡប់​មកផ្ទះវិញ ធ្វើឲ្យក្រុមគ្រួសារមានក្តីបារម្ភ បន្ទាប់ពីជិះម៉ូតូឌុបគ្នាដោយសុំនិងប្រាប់ម្តាយថាទៅលេងបុណ្យកឋិននឹងគេ តែមិនបានប្រាប់ថា បុណ្យកឋិននោះធ្វើនៅវត្តណានោះទេ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃ ចន្ទ ១រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ហើយរំលងបានជាងមួយថ្ងៃមកហើយមិនទាន់ឃើញនាងទាំងពីរនាក់បងប្អូនវិលត្រឡប់​មកផ្ទះនៅឡើយទេ ។

មន្រ្តីនគរបាលប៉ុស្តិ៍ ត្រពាំងធំខាងត្បូងបានឲ្យដឹងថា យុវតីដែលបាត់ខ្លួនទាំងពីរនាក់នេះមាន ឈ្មោះ មឿន ស្រីណេ ភេទស្រី អាយុ ១៨ឆ្នាំ (ប្អូន) និងឈ្មោះ មឿន ចាន់ដាវីន ភេទស្រី អាយុ ១៩ឆ្នាំ (បង)។អ្នកទាំង២រស់​នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់របស់ឪពុកម្តាយនារីទាំងពីរនាក់នេះបានឲ្យដឹងថា នៅថ្ងៃ១៤ខែតុលា កូនស្រីរបស់គាត់បាន​សុំគាត់ថាទៅលេងបុន្យកឋិននឹងគេ តែមិនដឹងថានៅវត្តណាទេ ហើយពួកគេបានទៅជាមួយគូដណ្ដឹងឈ្មោះ ពេជ ពន្លក អាយុ ១៨ឆ្នាំ(គូដណ្តឹងកូនបង) មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​ ។ ពួកគេទាំង៣នាក់ជិះម៉ូតូឌុបគ្នាម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៨ ពាក់ស្លាកលេខ តាកែវ 1Q-1931 លេខម៉ាស៊ីន 526697 ចេញទៅបាត់រហូតមិនឃើញមកវិញទេ សូម្បីទូរស័ព្ទក៏ទូរស័ព្ទមិនចូលដែរ ។

មន្រ្តីនគរបាលប៉ុស្តិ៍ដដែលបានឲ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្តឹងពីឪពុកម្តាយរបស់យុវតីទាំងពីររូបនេះ សមត្ថកិច្ចបានស្រាវជ្រាវដល់លំនៅឋានខាងគូដណ្តឹងរបស់នាងដែរ តែគេប្រាប់ថាមិនឃើញទៅទីនោះទេ ដូច្នេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវជាបន្តទៀត ដោយខ្លាចកើតមានរឿងមិនល្អអ្វីមួយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print