ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម ហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ច នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងកើតផ្ទះចំងាយ៥០ម ស្ថិតនៅភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ង់ គឹមលៃ ភេទស្រីអាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជីដូន ឈ្មោះ តាំង ឡេង អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ បាននិយាយថា នៅវេលាម៉ោងប្រហែល ១៥,០០ នាទី ថ្ងៃកើតហេតុគាត់បាននាំចៅ២នាក់: ១. ឈ្មោះ វ៉ង់ គឹមលៃ ភេទស្រី អាយុ០៩ឆ្នាំ។ ២.ឈ្មោះ បៀង ឡា ភេទប្រុស អាយុ០៥ឆ្នាំ ទៅដងទឹកស្រះនៅក្រោយផ្ទះលោក សឿន រីក ដែលនៅខាងកើតផ្ទះគាត់ចំងាយ៥០ ម៉ែត្រ គាត់ដងទឹកស្រះនោះហើយឲ្យចៅទាំង០២សែងយកទៅដាក់ពាងនៅផ្ទះគាត់ ហើយគាត់បានដើរទៅលេងផ្ទះអ្នកភូមិ ដែលនៅទល់មុខផ្ទះ សឿន រីក ក្រោយបន្ដិចមកចៅទាំង០២នោះមកវិញហើយបានស្រែកហៅគាត់ឲ្យដងទឹកទៀតតែគាត់ប្រាប់វាថាទុកថាំងសិនទៅ ចាំបន្ដិចទៀតយាយទៅដងទឹកឲ្យ ហើយពួកវាក៏បាត់មិនដឹងទៅណាអស់ទេ មួយសន្ទុះក្រោយមកម៉ោងប្រហែល១៥និង៣០នាទី អាឡា ចៅប្រុសគាត់បានរត់ទៅហៅគាត់ប្រាប់ថា គឹម លៃ លង់ទឹកហើយ គាត់ក៏បានស្រែកហៅអ្នកភូមិឲ្យចុះជួយមុជរកក៏បានឃើញសាក សព ចៅស្រីនៅក្នុងស្រះនោះពិតមែន ។
ក្រោយពីទទួលបានដំណឹង កម្លាំងប៉ុស្តិ៍ រដ្ឋអំណាចមូលដ្ឋាន និងពេទ្យបានចុះពិនិត្យសពពុំមានឃើញស្លាកស្នាមអ្វីក្រៅពីប៉ោងពោះនិងមានហូរតាមមាត់តិចៗ ។
សមត្ថកិច្ចបានសន្និដ្ឋានថា សពក្មេងស្រីស្លាប់ដោយសារលង់ទឹក រួចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី