ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នឹងដកហូតទំនិញខូចគុណភាព១៣៥គីឡូក្រាម ដើម្បីទុកដុតកម្ទេចចោល ធ្វើឡើងពេញមួយព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យរកទំនិញខូចគុណភាព នៅតាមស្តង់ដេប៉ូ ម៉ាត និងតាមគេហដ្ឋាន ហាងលក់ទំនិញ ដុំនិងរាយ នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ឃើញថាទំនិញទាំងនេះ មានប្រភេទទំនិញនំធុង ទឹកក្រូច ទឹកផ្លែឈើកំប៉ុង មានសភាពក្រពិត ច្រេៈចាប់ដាក់ក្រោមកំដៅថ្ងៃ និងហួសសពុលភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទទួលទាន ទាំងមនុស្សចាស់ និងកុមារ។
បន្ថែមលើនោះមន្ត្រីជំនាញ បានឆ្លៀតឱកាសពន្យល់ណែនាំពីផលប៉ះពាល់ និងគុណវិបត្តិចំពោះអ្នកទទួលទានអាហារខូចគុណភាព ព្រមទាំងបានចូលរួមផ្សព្វផ្សាយអនុក្រឹត្យលេខ១៣៣ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ផ្តោតសំខាន់ចំពោះហាងលក់ម្សៅទឹកដោះគោកូនក្មេង។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សកម្មភាពចុះពិនិត្យរកទំនិញខូចគុណភាព នៅតាមហាងបោះដុំនិងរាយ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្ម តែងតែធ្វើជាប្រចាំ ព្រោះគុណភាព សុវត្ថិភាពម្ហូប ចំណីអាហារ វាជារឿងសំខាន់ណាស់ ដែលថ្នាក់ដឹកនាំកាំកុងត្រូល បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដើម្បីឲ្យមន្ត្រីកាំកុងត្រូលគ្រប់សាខា និងនៅក្នុងរាជធានី ទាំងអស់ចុះពិនិត្យ ដើម្បីការពារសុខមាភាពជូនប្រជាពលរដ្ឋ។
លោកបន្តថា នៅក្នុងការចុះពិនិត្យនោះមន្ត្រីជំនាញក៏បានអប់រំណែនាំ និងធ្វើកិច្ចសន្យា ដល់អ្នកលក់ត្រូវចេះទុកដាក់ទំនិញឲ្យបានត្រឹមត្រូវ មិនត្រូវទុកដាក់ទំនិញហាលក្តៅ ដែលធ្វើឲ្យងាយខូចគុណភាពមុនកាលបរិច្ឆេទប្រើប្រាស់ និងត្រួតពិនិត្យជាប្រចាំ ដាក់តាមលេខរៀងតាមលំដាប់លំដោយ កុំធ្វេសប្រហែស ព្រោះវាធ្វើឲ្យអ្នកលក់មានការខាតបង់ខ្លួនឯង និងបំផ្លាញសុខភាពដល់អ្នកទទួលទាន កាលណាមនុស្សសុខភាពមិនល្អ វាធ្វើឲ្យប៉ះពាល់ដល់ធនធានមនុស្សផងដែរ ៕ នីមវណ្ណា
...