រថយន្តផ្ទុកហ្គាសក្រុមហ៊ុន តារា ធី សុី ហ្គាស បុកទ្រូងផ្លូវបាក់អស់៣កង់ តែមិនផ្ទុះឆេះ

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តដឹកសាតែនហ្គាសដ៏ធំរបស់ក្រុមហ៊ុន តារា ធី សុី ហ្គាស មួយគ្រឿង បានពន្លះរបាំង​ថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្មអស់៣កង់ កល់រថយន្តជាប់ទៅមុខលេងរួច សំណាងល្អដែរមិនបណ្ដាលឲ្យប៉ះពាល់ដល់សាតែនហ្គាសធ្វើឲ្យផ្ទុះឆេះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា ដំបូងរថយន្តបង្កដឹកសាតែនហ្គាសដ៏ធំនេះ ពាក់ស្លាកលេខ ភ្នំពេញ 4A-4356 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ សង្ស័យតែតៃកុងងងុយដេក ក៏រេចង្កូតទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន៣កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងកល់ជាប់ទៅមុខលេងរួច ។
ក្នុងហេតុនេះដែរ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិរដ្ឋ និងរថយន្តបង្កតែប៉ុណ្ណោះ ។ នេះសំណាងល្អដែរ ដែលមិនប៉ះពាល់ដល់សាតែនហ្គាសធ្វើឲ្យផ្ទុះឆេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print