ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសម្រាប់ការជ្រេីសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក អង្គ វង្ស វឌ្ឍានា នៅថ្ងៃទី២០ ខែតុលា នេះ បានចេញលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតសម្រាប់ការជ្រេីសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី១៩ និងថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញត្រួតពិនិត្យការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅមណ្ឌលបោះឆ្នោត អគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
ការបោះឆ្នោតរៀបចំទៅ ដោយមានការចូលរួមពី ចៅក្រម ព្រះរាជអាជ្ញា គ្រប់សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស បានធ្វើការបោះឆ្នោតសម្រាប់ការជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ៤ រូប ក្នុងចំណោម ចៅក្រម ព្រះរាជអាជ្ញា ដែល ១រូបតំណាងអោយចៅក្រមសាលាជម្រះក្តីជាន់ខ្ពស់ ១រូបតំណាងអោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ ១រូបតំណាងអោយចៅក្រម នៃសាលាជម្រះក្តីជាន់ទាប និង ១រូបទៀត តំណាងអោយ ព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីជាន់ទាប ៕