ខេត្តកណ្ដាល ៖ នៅពេលនេះ មហាជនជាច្រើននាក់ កំពុងទង្ធឹងរង់ចាំមើលថា តើលោកប៉ូលិសស័ក្តិ៣ ជិន ជឿន ធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ រួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ ? ។
ខណៈដែលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អះអាងថា នឹងបើកការស៊ើបអង្កេតរកការពិតក្នុងរឿងក្តីនេះ ។
នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន សុំអោយជួយរកយុត្តិធម៌ ករណីប្តីមិនទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។
នារីរងគ្រោះ រៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។
នារីរងគ្រោះ ស្នេីសុំលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ ឆ ដា