ភ្នំពេញ៖ អ្នកគាំទ្រកីឡាករ កែវ រំចង់ និងកីឡាករ ផល សោភ័ណ្ឌ បាននាំគ្នាលើកទឹកចិត្តតាមរយៈ សារអេឡិចត្រូនិកបង្ហោះ រូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គម ចាប់តាំងពីកីឡាករទាំង២ រួមទាំងក្រុមការងារ បានទៅដល់ទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ គឺជាប្រធានបទក្តៅ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រោយពីបានស្តាប់សម្តីគូភាគីរបស់កែវ រំចង់ បញ្ចេញកាប្បកិរិយា មិនគួរគម្បីមុនឈានដល់ថ្ងៃប្រកួត ។
លោក មាស សុខគ្រី គ្រូបង្វឹកក្លិបតាព្រហ្មមានជ័យ បានផ្ញើសារតាមរយៈបណ្តាញសង្គម ផ្តាំផ្ញើដល់ កីឡការ កែវ រំចង់ និងផល សោភ័ណ្ឌ ថា ខ្ញុំសូមផ្តាំផ្ញើដល់កូនសិស្សទាំង២ ដែលចេញទៅប្រកួតក្នុង កម្មវិធី Thai Fight នៅទីក្រុងបាងកកនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ សូមកុំបាក់ទឹកចិត្ត ពីព្រោះសម្តីគូភាគីរបស់ប្អូនគ្រាន់តែជាការញុះញង់ជ្រៀតជ្រែកក្នុងកម្រិតបច្ចេកទេសមួយដើម្បីបំបាក់ ស្មារតី មុនពេលប្រកួត ។
នៅរសៀលថ្ងៃទី៣០ និងព្រឹកថ្ងៃទី៣១ ខែធ្នូ បណ្តាញទំនាក់ទំនងសង្គមកាន់តែមានប្រធានបទ ថ្មីៗទាក់ទងជាមួយនឹងព្រឹត្តិការណ៍ប្រដាល់នៅលើសង្វៀន Thai Fight ឯទីក្រុងបាងកកថែមមួយកម្រិតទៀត ។
អ្នកគាំទ្រភាគច្រើនបានយករូបភាពរបស់កីឡាករ កែវ រំចង់ និងផល សោភ័ណ្ឌ កំពុងឈរតាំងឃុំពេលថ្លឹងទម្ងន់ ចែកចាយតាមបណ្តាញតៗគ្នា និងបានសរសេរ នៅលើបណ្តាញសង្គមរបស់ខ្លួនគាំទ្រដល់កីឡាករទាំង២ និងផ្តាំផ្ញើមិនឲ្យពួកគេបាក់ទឹកចិត្ត បើទោះបីមិនបានទៅទស្សនាផ្ទាល់ក៏នៅក្នុងប្រទេសកម្ពុជា គាំទ្រអ្នកទាំង២ពេញទំហឹង ។
ដោយកីឡាករ សេន ប៊ុនថេន របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងធ្លាប់ឈ្នះគូប្រកួត ក្នុងកម្មវិធី Thai Fight ខាងលើ បានសរសេរសារផ្ញើទៅកីឡាករ ផល សោភ័ណ្ឌថា ចំពោះការប្រកួតរវាងផល សោភ័ណ្ឌ និងកីឡាករថៃពិតជាលំបាកណាស់ ដោយសារតែអ្នកប្រដាល់រូបនេះកន្លងទៅនៅប្រទេសថៃល្បីប្រហាក់ប្រហែលជាមួយស្តេចប្រដាល់ ប៊ូខាវដែរ សព្វថ្ងៃពុំមានគូប្រកួតនោះទេ ។ ដូច្នេះផល សោភ័ណ្ឌ នៅក្មេងអាចនឹងពិបាកសម្រាប់យកឈ្នះអ្នកប្រដាល់ថៃរូបនេះខ្លាំងណាស់ ៕
ដោយ៖ សារីម