ខេត្តកំពង់ធំ ៖ មកដល់ពេលនេះសមត្ថកិច្ចជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការ ជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស៊ើបអង្កេតលើករណីបង្ក្រាបថ្នាំញៀនប្រមាណ ៤០គីឡូក្រាម និងឃាត់មនុស្ស៤នាក់ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ថ្មីៗកន្លងទៅនេះ លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០៥នាទីម្សិលមិញនេះ បានបន្តទៅឆែកឆេរលំដ្ឋាន ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាលទ្ធផលកម្លាំងបានចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥៣កញ្ចប់ធំ ប្រមាណ៥៣គីឡូក្រាមបន្ថែមទៀត ។
នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ច ដែលផ្តល់ជូន ហើយអង្គភាពនគរដ្រេហ្គនទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ។
សូមរំឭកថា ថ្នាំញៀនប្រមាណជាង៤០ដុំ ស្មើនឹង៤០គីឡូក្រាម រួមជាមួយមនុស្សចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទែ ចុះបង្ក្រាបដកហូតនិងឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤៖៣០នាទីម្សិលមិញនេះ ស្ថិតនៅចំណុចភោនីយដ្ឋានយីហោ «រស់ សុខខុម» តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាដំបូងខេត្តកំពង់ធំ បានបើកកិច្ចសហការប្រតិបត្តិការបង្ក្រាបទីតាំងខាងលើបន្ទាប់ពីជំនាញបានស្រាវជ្រាវរកឃើញ ក្នុងនោះកម្លាំងបានឃាត់មនុស្ស៤នាក់ ម្នាក់ជាជនជាតិថៃ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទីម្សិលមិញនេះ ស្ថិតនៅភោនីយដ្ឋានយីហោ រស់ សុខខុម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានឲ្យដឹងថា នេះជាសហប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបង្រ្កាបគ្រឿងញៀន ដែលអាចនិយាយបានថា ជាករណីធំបំផុតសម្រាប់ខេត្តកំពង់ធំ ។ លោកអះអាងថា ប្រតិបត្តិការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន កម្លាំងសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៤០ដុំ ស្មើនឹង៤០គីឡូក្រាម ដែលប្រព្រឹត្តឡើងដោយជនជាតិខ្មែរចំនួន៣នាក់ និងជនជាតិថៃ១នាក់ ។
លោក សុធា បានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ៖ ទី១- ឈ្មោះ គន់ វណ្ណៈ ភេទប្រុស ,ទី២-ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស និងទី៣-ឈ្មោះ សាក់ សេងសង ភេទប្រុស និងទី៤-ឈ្មោះ លី តឹក ភេទប្រុស ។
ដោយឡែកចំពោះវត្ថុតាងរួមមាន ៖ រថយន្តចំនួន០២គ្រឿង និងជនសង្ស័យ ត្រុវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ជាយក្រុង