ខេត្តកណ្តាល៖លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់អោយដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះថា សំណុំរឿងលោកស័ក្តិ៣ជិន ជឿន ប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធការវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែមិនទាន់ឃើញបញ្ជូនមកដល់តុលាការទេ ។
លោក ទិន សុចិត្រា បានអះអាងថា សមត្ថកិច្ចកំពុងចាត់ការរឿងនេះហើយ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះរួចរាល់ហេីយ រហូតមកទល់ពេលនេះ លោកស័ក្តិ៣ ជិន ជឿនប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់ករណីវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ ។
មហាជនកំពុងរង់ចាំមេីលទាំងអន្ទះសារចំណាត់ការរបស់សមត្ថកិច្ចខេត្តកណ្តាល តេីអាចចាត់ការតាមផ្លូវច្បាប់ឈរលេីភាពយុត្តិធម៌ ចំពោះប៉ូលិសខ្លួនឯងដែលប្រព្រឹត្តខុសដែរឬទេ ? ។
ទោះបីយ៉ាងណាក៌ពុំទាន់សុំការបញ្ជាក់ពីលោកវរសេនីយ៍ឯករស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននៅឡេីយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
ជាមួយគ្នានេះ កន្លងមកលោកប៉ូលិសស័ក្តិ៣ ជិន ជឿន ធ្លាប់ចេញវីដេអូឃ្លីបបដិសេធ ថាមិនបានវៃនារីរងគ្រោះរហូតរលូតកូននោះទេ ពោលគឺ នារីរងគ្រោះដួលដោយខ្លួនឯង ។
សូមបញ្ជាក់ថា រឿងរ៉ាវរបស់លោក ជិន ជឿន ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក កំពុងល្បីខ្ទរខ្ទារព្រោះតែការប្រេីអំពេីហិង្សាលេីប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែដែលនាំអោយមហាជនខឹងសម្បារជំនួសយ៉ាងខ្លាំង ។
រឿងរ៉ាវបានទម្លាយបន្ថែមទៀតគឺ លោក ជិន ជឿន ធ្លាប់ប្រេីហិង្សាលេីប្រពន្ធជាច្រេីនលេីកច្រេីនសាររហូតមានបណ្តឹងចូលស្នងការនគរបាលខេត្តកណ្តាល ថែមទៀតផង ។
ពាក្យបណ្តឹងកាលពីថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នារីរងគ្រោះឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំធ្លាប់បានប្តឹងលោក ជិន ជឿន ពីបទប្រេីអំពេីហិង្សាផងដែរ ។
ដោយឡែក ថ្មីៗនេះនារីរងគ្រោះ បានដាក់ពាក្យបណ្តឹងថ្មីមួយទៀត ទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល សុំអោយជួយរកយុត្តិធម៌ករណីប្តីមិនទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខអាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។
នារីរងគ្រោះ រៀបរាប់ថាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។
នារីរងគ្រោះស្នេីសុំលោកស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ ឆ ដា