ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចម៉ូតូមួយគ្រឿងពីសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា នៅម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ចាន់ វាសនា ហៅ ស្នា អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកជនសង្ស័យទី២មានឈ្មោះ សំអុល រតនា ហៅ ពៅ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្តិ៍មានការសង្ស័យទៅលើមុខសញ្ញាពីរនាក់ ក៏បានឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរ ហើយជនសង្ស័យបានសារភាពថា ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកនិច នៅម្តុំស្ពានទី២ឬទី៣ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពេលជិះចេញមកជួបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចឲ្យដឹងទៀតថាសម្ភារ:ដកហូតរួមមាន៖-ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-0315
-ដែកសំប៉ែតកែច្នៃ ( ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) ចំនួន ០២ ដើម
-សោរខ្សៀរលេខ ៨ ចំនួន ០២ ដើម
-ទូរស័ព្ទដៃ០២គ្រឿងម៉ាក NOKIA ពណ៌ក្រហម ០១គ្រឿង និងម៉ាក Western ពណ៌ខ្មៅ ០១គ្រឿង
-ទួណឺវ៉ីស ចំនួន ០១ ដើម ។
បន្ទាប់ពីឃាត់ខ្លួនត្រូវជនសង្ស័យបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍នាំមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍បន្តតាមនីតិវិធី ៕ជ្រោយពេជ្រ