ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់ មិនដឹងថាមានវិបត្តិអ្វីទេ បានធ្វើអត្តឃាតចង.កសម្លាប់នៅក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។
ហេតុការណ៍នេះ បានកើតឡើងពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយមន្ទីរពេទ្យរ៉ូយ៉ាល ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សួង លក្ខិណា អាយុ ២៨ឆ្នាំ ស្នាក់នៅ និង ធ្វើការ ក្នុងការដ្ឋានកើតហេតុ ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល ហើយជនរងគ្រោះ មានកូនអាយុជាង៣ឆ្នាំ រស់នៅជាមួយម្ដាយជនរងគ្រោះ ដែលជាអ្នកបោកខោអាវឲ្យគេ នៅខេត្តកំពង់ឆ្នាំង ដើម្បីចិញ្ចឹមជីវិត។
ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់បានមកដល់ទីតាំងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់មេការសំណង់ រួមជាមួយនឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកថ្លា ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កប្រាកដមែន រួចបានទាក់ទងទៅក្រុមគ្រួសារ មកទទួលយកសពយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត៕ជ្រោយពេជ្រ