សួនចែកទ្រូងផ្លូវនៅខណ្ឌពោធិ៍សែនជ័យ ក្លាយជាក្រោលគោ​ ដើរពេញផ្លូវងាយបង្កគ្រោះថ្នាក់ណាស់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់គប់ស្រូវ) បាននាំគ្នារិះគន់អាជ្ញាធរមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដោយឲ្យម្ចាស់សត្វគោ ធ្វើការព្រលែងសត្វទាំងនោះចោលឲ្យដើររកស៊ីដេកនៅតាមផ្លូវសួនទីសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីហ្វូងគោជាច្រើនក្បាល មិនឃើញមានម្ចាស់នោះទេ បានដើររកស៊ីដេកពាសពេញផ្លូវនៅតាមផ្លូវសួនសាធារណៈ តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយគ្មានឃើញចំណាត់ការរបស់អាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានណាយកចិត្តទុកដាក់នោះទេ ខណៈដែលសត្វគោទាំងនេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ ។

តាមប្រជាពលរដ្ឋរស់នៅកន្លែងនោះ បានឲ្យដឹងថា គាត់ឃើញសាំងភ្នែកទៅហើយ ទោះស្រែកប្រាប់ក៏មិនដឹងថា ប្រាប់ទៅខាងណា ដើម្បីឲ្យចាត់វិធានការទប់ស្កាត់នោះទេ ព្រោះហ្វូងគោទាំងអស់នេះ ត្រូវម្ចាស់ព្រលែងចោលឲ្យដើរដេក រកស៊ីតាមដងផ្លូវសាធារណៈជារៀងរាល់ថ្ងៃ ពេលខ្លះឃើញដេកនៅលើសួនច្បាររបស់សាលារាជធានីភ្នំពេញ ទាំងយប់ ថ្ងៃ រកម្ចាស់ពុំឃើញទេ ហើយជារឿយៗ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ លើសពីនេះទៅទៀត សួនច្បារដែលសាលារាជធានីភ្នំពេញ ខំដាំដើមឈើនិងស្មៅ ដើម្បីលំអរសោភ័ណភាពក៏ត្រូវហ្វូងគោទាំងនោះ យកធ្វើជាទីកន្លែង ស៊ីដេក ស៊ីជុះ ខ្ទេចអស់ទៅហើយ ។

ជាចុងក្រោយពលរដ្ឋសំណូមពរលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាលោក លោកស្រី ដែលជាអ្នកចិញ្ចឹមសត្វគោ មេត្តាយោគយល់ដល់អ្នកដំណើរផង បើកាលណាអាជ្ញាធរមិនរវល់អើពើបែបនេះ ដូចជាទុកឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសួនច្បាររបស់សាលារាជធានីភ្នំពេញ ត្រូវបាត់បង់សោភ័ណភាពផងដែរ ៕ សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print