ខេត្តរតនគិរី៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដែលជាថ្ងៃអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងខេត្តរតនគិរី ត្រូវគេឃើញថា នគបាលបាននឹងកំពុងណែនាំអ្នកបើកបរយានជំនិះដោយពុំបានចាប់ផ្តើមផាកពិន័យទៅលើច្បាប់ចរាចរណ៍ថ្មីនោះនៅឡើយទេ ។
ការពុំបានផាកពិន័យទៅលើច្បាប់ចរាចរណ៍ថ្មីនេះ ត្រូវបានលោកមឿង សារិទ្ធ នាយការិយាល័យចរាចរណ៍ជើងគោកខេត្តរតនគិរី អះអាងប្រាប់មជ្ជមណ្ឌលព័ត៍មាននគរវត្តឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមករាថា ដោយសារប័ណ្ណផាកពិន័យថ្មីមិនទាន់បានបញ្ជូនមក ទើបកម្លាំងនគបាលគឺគ្រាន់តែឃាត់យានយន្តដើម្បីណែនាំម្ចាស់ឲ្យបានដឹងអំពីអ្វីដែលត្រូវផាកពិន័យនោះ ។
យានយន្តជាច្រើនត្រូវគេសង្កេតឃើញពុំបានអនុវត្តតាមច្បាប់ចរាចរណ៍ថ្មីនេះដូចជាការប្រើប្រាស់ផ្លូវការបើកបរលឿនពេកជាដើម ។
ដោយឡែកអ្នកបើកបរម៉ូតូក៏នៅតែមិនទាន់បានអនុវត្តច្បាប់ផងដែរ ដូចជាអ្នកជិះខាងក្រោយមិនពាក់មួកសុវត្ថិភាព ឬផ្ទុកមនុស្សលើសពីពីរនាក់ទៅបីនាក់ជាដើម ៕
ដោយ៖ អ៊ុចសាវុទ្ធ