ខេត្តត្បូងឃ្មុំ ៖ ដើម្បីអោយមានការអភិវឌ្ឍន៏ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសលើកកម្ពស់ក្នុងការកាត់បន្ថយអំពើពុករលួយផ្សេងៗ ។ ជាក់ស្តែងពលរដ្ឋក្នុងខេត្តមួយនេះសង្កេតឃើញថា ការដេញថ្លៃ គម្រោងសាងសង់ផ្លូវក្រាលក្រួសធម្មជាតិប្រវែង១,៧០០ម៉ែត្រ ទទឹង៤ម៉ែត្រ គឺមិនត្រូវបានដេញថ្លៃដោយតម្លាភាពឬស្មើភាពគ្នានោះទេ ពោលគឺបែប «ដេញថ្លៃលក្ខណៈដេកចងមុង» ជាហេតុធ្វើអោយបាត់បង់ថវិការដ្ឋមួយផ្នែក ។
ពលរដ្ឋបានដាក់ការសង្ស័យថា ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលក្រួសធម្មជាតិប្រវែង១,៧០០ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាចមានការត្រូវរ៉ូវគ្នាជាមុន ទើបការដាក់សំណើដេញថ្លៃ ប្រកៀកប្រកិត និង ដាក់សំណើតិច គឺមានតែ៣ឬ៤ ក្រុមហ៊ុនប៉ុណ្ណោះដែលបានចូលរួម ផ្ទុយពីការដេញថ្លៃមានតម្លាភាព បែបត្រឹមត្រូវ គឺត្រូវមានលក្ខណៈប្រកួតប្រជែង និងតម្លាភាព គឺមានក្រុមហ៊ុនច្រើន ចាប់ពី៨ឬ៩ក្រុមហ៊ុន ហើយតម្លៃទាបទទួលយកបាន គឺចុះថ្លៃជាងពាក់កណ្តាលទៅ ក្នុងការដេញថ្លៃ គម្រោងកន្លងមក ។
ដេញថ្លៃបែបប្លែកខុសប្រក្រតីនេះ បានធ្វើឲ្យពលរដ្ឋភាគច្រើនគិតថា បក្ខពួក ពុករលួយ ទទួលបានលុយទឹកតែរាប់សិបលានរៀល យកទៅចែកគ្នាពីម្ចាស់ក្រុមហ៊ុនដែលដេញថ្លៃបាន ៕ ដោយ ៖ វណ្ណៈ