កន្លងមក ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ដោយប្រើប្រាស់នាវាមុជទឹកធុនតូច ចូលទឹកដីអាមេរិក កើតឡើងជាញឹកញាប់ ប៉ុន្តែមិនអាចឆ្លងផុតពីកម្លាំងទាហានការពារដែនសមុទ្រអាមេរិកនោះឡើយ។ នៅពេលនេះ ក្រុមជួញដូរបានបញ្ជូនទៅកាន់ទីផ្សាអឺរ៉ុប ដែលមានតម្លៃខ្ពស់មិនចាញ់អាមេរិកនោះឡើយ។
នៅពេលនេះ ឆ្មាំសមុទ្រអេស្ប៉ាញ បានចាប់នាវាមុជទឹកធុនតូចមួយគ្រឿង ដឹកជញ្ជូនគ្រឿងញៀន ហេរ៉ូអ៊ីន រហូតដល់ទៅ៣តោន នៅក្នុងតំបន់សមុទ្រ នៃប្រទេសនេះ ខណៈកម្លាំងទាហានអេស្ប៉ាញ ឃើញក្រុមនាវិកព្យាយាមបង្ហូរទឹកចូលក្នុងនាវា។
បណ្តាញព័ត៌មាន Lasexta បានផ្សាយថា នាវាមុជទឹកនោះ មានប្រវែង២០ម៉ែត្រ ត្រូវបានកម្លាំងការពារដែនសមុទ្រអេស្ប៉ាញ រកឃើញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅជិតឆ្នេរសមុទ្រខេត្ត Pontevedra ។ នៅក្នុងនាវានោះ សមត្ថកិច្ចអេស្ប៉ាញ បានឆែកឆែររកឃើញគ្រឿងញៀន កូកាអ៊ីន មានទម្ងន់៣តោន។ ក្រុមអ្នកជួញដូរគ្រឿងញៀន បានព្យាយាមពន្លិច នាវាមុជទឹកខាងលើ ដោយបង្ហូរទឹកចូល តែមិនបានសម្រេច ហើយនាវិកមួយចំនួន ក៏ត្រូវបានចាប់ខ្លួន និងម្នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់។
បើតាមសារព័ត៌មាន Pais បានផ្សាយថា នាវាមុជទឹកខាងលើ បាននាវាចរ មកពីប្រទេសកូឡុំប៊ី ហើយក្រុមនាវិកទាំងនោះ គឺជាប្រជាពលរដ្ឋមកពីប្រទេសអេក្វាទ័រ។ នៅពេលនេះ កម្លាំងទាហានអេស្ប៉ាញកំពុងតែរកវិធីសាស្ត្ រអូសនាវាមុជទឹកខាងលើឡើងមកលើគោក ដើម្បីងាយស្រួលត្រួតពិនិត្យ។ ប៉ុន្តែដោយសារអាកាសធាតុមិនអំណោយផង ការអូសនាវាមុជទឹកឡើងគោក បង្កផលលំបាកយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្រុមអ្នកជួញដូរគ្រឿងញៀន តែងតែប្រើប្រាស់នាវាមុជទឹកធុនតូច ដើម្បីដឹកជញ្ជូនគ្រឿង ញៀនកូកាអ៊ីន ពីអាមេរិកឡាទីន ចូលទៅកាន់អាមេរិក។ ប៉ុន្តែការដឹកជញ្ជូនបែបនេះ ចូលទៅកាន់អឺរ៉ុប ជារឿងថ្មី ទើបអឺរ៉ុបពិបាកនៅក្នុងការទប់ស្កាត់។ កាលពីខែកក្កដា កម្លាំងការពារដែនសមុទ្ររបស់អាមេរិក បានបង្ហោះវីដេអូ ស្តីពីការតាមចាប់នាវាមុជទឹក ដឹកគ្រឿងញៀន នៅតំបន់សមុទ្រ ប៉ាស៊ីហ្វិក៕