ខេត្តសៀមរាប៖ សំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់បង្កក្លិនស្អុយនៅចិញ្ចើម ថ្នល់ក្រវ៉ាត់ក្រុង ដែលជាខេត្តទេសចរណ៍ដ៏សំខាន់នៃប្រទេសកម្ពុជា តែប្រសិនបើយើងពុំបានធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទេនោះម្លេះសមយើងមិននឹកស្មានថាទីក្រុងទេសចរណ៍មួយនេះពោពេញទៅដោយសំរាមដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទេ នៅចំនុចក្នុងភូមិត្រពាំងត្រែង ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ។
បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា មានជនអក្កះតិមួយចំនួន ដែលតែងគិតតែប្រយោជផ្ទាល់ខ្លួនពុំបានគិតពីប្រយោជន៍សង្គមជាតិ បានដឹកយកកាក់សំណល់ពីផ្សារ ជាពិសេសអ្នកលក់មាន់រស់ និងអ្នកលក់បន្លែរ បានដឹកតាមម៉ូតូកញ្ចែង និងរថយន្ដ១បាំងកន្លះ ច្រកសំរាមក្នុងការ៉ុង យកមកចាក់ចោលគរដូចភ្នំបង្កក្លិនស្អុយអាសោធ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងរស់នៅជិតខាង ។
ទាក់ទិនទៅនឹង ករណីខាងលើនេះ លោក ប្រាក់ ប៊ុនឌី មេភូមិ ត្រពាំងត្រែងបានប្រាប់តាមទូស័ព្ទថា លោកបានចាត់វិធានការជាច្រើនដងហើយ ព្រមទាំងដុតចោលជាច្រើនលើកច្រើនសារមកហើយតែពុំអស់នៅតែមានគេលួចចាក់សំរាមជាហូររហែរចាប់មិនបាន ព្រោះពួកគេចាក់នៅពេលយប់ ក្នុងនោះយើងក៏បានយាមចាំមើលអ្នកចាក់តែមិនឃើញ ។
លោក សាម ឡន ចៅសង្កាត់សាលាកំរើកបានប្រាប់អោយដឹងថា ដោយសារតែប្រជាពលរដ្ឋខ្វះការយល់ដឹងហើយច្បាប់សំរាមមានភាពធូររលុងទើបពួកគាត់យកសំរាមទៅចាក់បែបនេះ តែយើងក៏មានចាត់វិធានការអោយកំលាំងឃ្លាំមើលច្រើនលើកមកហើយតែជនឆ្លៀតឪកាសពេលដែលកំលាំងយើងមិននៅក៏យកសំរាមមកចាក់បន្ថែម ទៀតទៅថ្ងៃមុខខាងសង្កាត់យើង និងដាក់ធុងសំរាមនៅចំនុចដែលប្រជាពលរដ្ឋយកសំរាមទៅចាក់ដើម្បីអោយឡានទៅប្រមូលរាល់ថ្ងៃនៅថ្ងៃមុខ បើពលរដ្ឋមិនគោរពតាមទេយើងនិងធ្វើការផាកពិន័យទៅតាមច្បាប់ ៕
ដោយ៖ ប៊ុន រិទ្ធី