ខេត្តកណ្តាល៖ បុរស២នាក់ បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅលើផ្លូវជាតិលេខ១ បង្កឡើងដោយរថយន្តបើកបុកអ្នកជិះម៉ូតូ កាលពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០១៦ ក្នុងឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ករណីទី១៖ បុរសម្នាក់ត្រូវរថយន្តបុកបណ្តាលអោយរងរបួសធ្ងន់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៤៣- ៤៤ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង1E-2355 មានឈ្មោះឈម ក្រូច ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពោធខ្ពស់ ឃុំឫស្សីស្រុក ស្រុកពាមរ៍ ខេត្តព្រៃវែង ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2H-5547 បើកបរដោយឈ្មោះ ឡុង ចន្ថា ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិ ដូនទង់ ឃុំដូនទង់ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
នគរបាលចរាចរណ៍ស្រុកបានអោយដឹងថា មុនពេលគ្រោះថ្នាក់សាក្សីបានឃើញ រថយន្តបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ចំណែកជនរងគ្រោះជិះម៉ូតូពីភ្នំពេញទៅអ្នកលឿង ពោលគឺទិសដៅផ្ទុយគ្នា ។ ទៅដល់កន្លែងកើតហេតុស្រាប់តែអ្នកបើកបររថយន្តបានបើកប្រជែងរថយន្តមួយគ្រឿងទៀតនៅពីមុខក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។ គ្រានោះបានបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយជនរងគ្រោះបោកក្បាលផ្ទប់ជាមួយកញ្ចក់រថយន្តខាងមុខ ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានបើកទ្វារត់ តែត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចដោយ ឡែកជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ករណីទី២៖ បុរសម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកគៀម៉ូតូជនរងគ្រោះកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះរិទ្ធ ក្រូច ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៍ក្រហមទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅផ្ទុយគ្នាពីអ្នកលឿងទៅភ្នំពេញ បានបើកជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខ ។ គ្រានោះក៍ជ្រុលចង្កូតទៅកៀរជនរងគ្រោះបណ្តាលអោយដួលបោកក្បាលនៅចិញ្ចើមផ្លូវជាតិរងរបួសធ្ងន់ ។ ក្រោយកើត ហេតុរថយន្តបង្កបើកគេចបាត់ ដោយឡែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ៕
...
ដោយ៖ សណ្តោស