គិតមកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដីនៅអាល់បានី កនឡើងដល់ទៅ២២នាក់ហើយ និងជាង៦០០ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏ខ្លាំងសម្បើមមួយបានវាយប្រហារមិនធ្លាប់មានរបស់អាល់បានី (Albania)។ ការរញ្ជួយពេលនេះ មានរយៈពេលប្រហែលមួយម៉ោង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ក្មេងប្រុសម្នាក់ស្ថិតនៅក្នុងចំណោម អ្នកដែលត្រូវបានជួយឲ្យបានរស់ ដោយក្រុមជួយសង្គ្រោះ ដែលបានប្រើប្រាស់គ្រឿងយន្តធុនធ្ងន់គោះកកាយកម្ទេចកម្ទីស្វែងរកអ្នកនៅបាត់ខ្លួន ហើយដែលជាប់គាំងនៅពីក្រោមគំនរថ្មបាក់បែកនៃអគារ ស្ថិតនៅភាគខាងត្បូង ខេត្ត Balkan ។
គ្រោះរញ្ជួយដីទំហំ៦.៤រ៉ិចទ័រ និងការរញ្ជួយដីមួយចំនួនផ្សេងទៀតជាបន្តបន្ទាប់គ្នានោះ បានបណ្ដាលឱ្យអគារ អាផាតមេន យ៉ាងតិចចំនួន៣ខ្នងបានបាក់រលំ ហើយត្រូវគេជឿថា វាបានកើតឡើង អំឡុងពេលដែលមនុស្សម្នា កំពុងតែដេកលង់លក់នៅក្នុងដំណេកនោះ ។
ក្រសួងការពារជាតិរបស់ប្រទេស អាល់បានី បានបញ្ជាក់ថា ក្រោយការរញ្ជួយដីទំហំ៦.៤រ៉ិចទ័រ ភ្លាមៗនោះមានការរញ្ជួយដីជាបន្តបន្ទាប់គ្នាប្រហែល២៥០លើកទៀត ដោយក្នុងនោះរួមបញ្ចូលការរញ្ជួយដី ទំហំ៥.១រ៉ិចទ័រ និងការរញ្ជួយដីទំហំ៥.៤រ៉ិចទ័រពីរលើកនេះផងដែរ ។
ប្រភពព័ត៌មានពីមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស អាល់បានី ដដែលបានបញ្ជាក់ថា សាកសពចំនួន១៣នាក់ បានរកឃើញនៅទីក្រុងកំពង់ផែ Durres ចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ ភាគខាងលិច រដ្ឋធានី Tirana ហើយមនុស្ស៤៥នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ ។
សាកសពជនរងគ្រោះ៥នាក់បន្ថែមទៀតបានរកឃើញ នៅក្នុងការបាក់រលំអគារ អាផាត់មែន ស្ថិតនៅក្នុងតំបន់ Thumane ភាគខាងជើងរបស់រដ្ឋធានី ។
ទីកន្លែងដទៃផ្សេងទៀត បុរសម្នាក់បានស្លាប់ បន្ទាប់ពីលោតចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលកំពុងរង្គើរញាប់ញ័រដោយសារការរញ្ជួយដី និងបុរសម្នាក់ទៀតបានស្លាប់នៅលើផ្លូវមួយ ដែលបានបាក់ប្រេះ ៕