ភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចមាត់ច្រាំងទន្លេ ជិតរូបសំណាកតេជោយតប្រហែល ជា70ម៉ែត្រ ស្ថិតក្នុង សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌ ដូនពេញ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ សព នារីម្នាក់ដែលឈ្លោះជាមួយគូស្នេហ៍នៅថ្ងៃឆ្លងឆ្នាំសកលរួចមកបានជិះម៉ូតូទៅអង្គុយលេងនៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច មួយសន្ទុះក្រោយមកស្រាប់តែខាងស្រី បានដើរមកលោតពីលើស្ពានចូលក្នុងទឹកសម្លាប់ខ្លួនលិចបាត់ក្នុងទន្លេ នោះឥឡូវសពផុសឡើងនៅច្រាំងទន្លេមុខហាងបារាំង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ត្រូវបានក្រុមគ្រួសារស្រង់យកទៅធ្វើបុណ្យនៅស្រុកកំណើត ។
ស្ត្រីឈ្មោះយិន ចាន់ណា អាយុ៣២ឆ្នាំត្រូវជាម្តាយមីងនារីរងគ្រោះបានឲ្យដឹងថា ក្មួយគាត់ដែលស្លាប់ ឈ្មោះស៊ិន រស្មី អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ។
ស្ត្រីយិន ចាន់ណាបន្តថា នៅថ្ងៃឆ្លងឆ្នាំក្មួយគាត់បានមកដើរលេងនៅភ្នំពេញជាមួយគូដណ្តឹងឈ្មោះ ពិសិដ្ឋ ជានិស្សិតសាលាច្បាប់ ហើយមិនដឹងថាមានទំនាស់យ៉ាងម៉េចស្រាប់តែលោតពីលើស្ពានជ្រោយចង្វា សម្លាប់នោះទេ។ សពដែលស្រង់ឡើងឃើញមានស្នាមបែកថ្ងាស ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញមានហេតុការណ៍ភ្ញាក់ផ្អើលថា មាននារីម្នាក់លោតចូលក្នុងទឹកទន្លេសម្លាប់ខ្លួន បន្ទាប់ពីមានទំនាស់ជាមួយសង្សារ ។
តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញគូស្នេហ៍មួយគូរជិះម៉ូតូFZ មួយគ្រឿងមិនចាំស្លាកលេខបានឈប់អង្គុយលេងនៅគល់ស្ពានខាងលិច ។
មួយសន្ទុះក្រោយមកស្រាប់តែខាងស្រីបានដើរឡើងលើស្ពានទៅកើតខណ: មកដល់ពាក់កណ្តាលស្ពានស្រាប់តែឡើងលើបង្កាន់ដៃស្ពានហើយលោតចុះទៅក្រោយសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។ សាក្សីដដែលបានបន្តថា បន្ទាប់ពីនារីរងគ្រោះបានលោតទឹកសម្លាប់ខ្លួនរួចបុរសជាគូស្នេហ៍បានជិះម៉ូតូទៅបាត់តែម្តង ។
បើតាមសមត្ថកិច្ចដែលប្រចាំការនៅគល់ស្ពានត្រើយខាងកើតបានឲ្យដឹងថា ខណ:កម្លាំងពួកគាត់កំពុងប្រចាំការនៅគោលដៅ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូFZមួយគ្រឿងមករាយការណ៍ថា “មាននារីមនាក់លោតទឹកសម្លាប់ខ្លួនបាត់ហើយ”។
បន្ទាប់មកបុរសនោះក៏បានជិះម៉ូតូចេញទៅបាត់ លុះពេលកម្លាំងចុះមកដល់ចំណុចកើតហេតុសួរសាក្សីដែលបានឃើញប្រាប់ប៉ូលិសថា បុរសដែលរាយការណ៍ប្រាប់សមត្ថកិច្ចនិងនារីរងគ្រោះជាគូសង្សារនិងគ្នាព្រោះភិនភាគដូចគ្នា ៕
ដោយ៖ ព្រែកជ័យ