ភ្នំពេញ៖ ស្ត្រីម្នាក់បីកូនអាយុ៤ឆ្នាំ ដើរបោកប្រាស់យកប្រាក់វីងដូរលុយ ត្រូវអស់លក្ខណ៍ ខណៈដែលស្ត្រីរូបនេះប្រើល្បិច លួចលេខកូដ និងទូរស័ព្ទ ពីអតិថិជនកន្លែងផ្សេង ទៅបើកលុយនៅវីង ដូរលុយកន្លែងមួយទៀត តែត្រូវម្ចាស់វីងដឹង ចាប់ឃាត់ខ្លួនប្រគល់ឱ្យនគរបាល។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចវីង ដូរលុយយីហោគីហ្សូណា តាមបណ្ដោយផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ស្ត្រីដែលត្រូវឃាត់ខ្លួនរូបនេះឈ្មោះ ណា វណ្ណី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលជិតផ្សារទំនប់ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានប្ដីឈ្មោះសិទ្ធិ វិបុល អាយុ២៩ឆ្នាំ មុខរបរអ្នកចាំចម្ការឱ្យគេនៅខេត្តរតនគិរី។ រីឯម្ចាស់វីងដែលឃាត់ខ្លួន ស្ត្រីខាងលើបាននោះឈ្មោះ ទូច យ៉ាម៉ារ៉ាឌី អាយុ២៦ ឆ្នាំ ជាម្ចាស់ហាងវីង យីហោគីហ្សូណា មានទីតាំងនៅកន្លែងកើតហេតុខាងលើ។
ប្រភពព័ត៌មានពីម្ចាស់វីងគីហ្សូណា បានឱ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃកើតហេតុ ស្ត្រីជាជនសង្ស័យបានបីកូនស្រីអាយុ៤ឆ្នាំ មកបើកលុយវីងចំនួន១០២ដុល្លារ ដោយអះអាងថា ប្ដីបានផ្ញើពីខេត្តរតនគិរីមក។ នៅពេលដែលមានអតិថិជនជាច្រើន កំពុងសំរុកបើកលុយវីងនោះ ស្ត្រីរូបនេះ ក៏បានបន្លំខ្លួន ទៅបើកលុយចំនួន១០២ដុល្លារផងដែរ ដោយក្នុងនោះ គេហុចក្រដាសលេខកូដ និងលេខទូរស័ព្ទ ប្ដីរបស់ខ្លួនទៅឱ្យរូបគាត់ ដើម្បីបើកលុយ១០២ដុល្លារ ប៉ុន្តែពេកគាត់ឆែកលេខកូដឃើញត្រឹមត្រូវ តែលេខទូរស័ព្ទមិនត្រឹមត្រូវទេ ។ ពេលនោះ ស្ត្រីរូបនេះ លួចបន្លំហុចក្រដាសទី២ ឃើញលេខកូដ និងទូរស័ព្ទត្រឹមត្រូវ ប៉ុន្តែពេលគាត់ទូរស័ព្ទទៅលេខនោះ ស្រាប់តែម្ចាស់ផ្សេងបានលើកទៅវិញ ដោយគាត់និយាយថា លុយនេះជាលុយរបស់ខ្ញុំ វេរទៅឱ្យអ្នកផ្សេងទេ រឿងអីគេយកលេខកូដ និងលេខទូរស័ព្ទខ្ញុំទៅបើកលុយ។
ម្ចាស់វីងបានឱ្យដឹងទៀតថា នៅពេលនោះ ទើបដឹងថា ស្ត្រីនេះគឺជាស្ត្រីបោកប្រាស់ជាប្រព័ន្ធតាមរយៈលួចចម្លងលេខកូដ លេខទូរស័ព្ទគេ ដែលផ្ញើលុយថ្មីៗនៅកន្លែងផ្សេង ហើយមកបោកប្រាស់ នៅកន្លែងមួយទៀត គ្រាដែលបន្លំលើកទី១ហុចក្រដាសបើកលុយខុសលេខទូរស័ព្ទ លុះលើកទី២ ពួកគេយកលេខកូដនិងលេខទូរស័ព្ទ អ្នកដ៏ទៃដែលគេលួចកត់បាននោះ មកបន្លំបើកហើយបើភ្នាក់ងារវីងមិនបានចាប់អារម្មណ៍ទេ ចុចមើលលេខកូដ និងលេខទូរស័ព្ទ ឃើញត្រឹមត្រូវពិតជាបើកលុយឱ្យជនសង្ស័យរូបនេះជាមិនខាន។ នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំចាញ់បោកស្ត្រីរូបនោះ ព្រោះកាលពី១ខែមុន ស្ត្រីរូបនេះ បានមកបន្លំបើកលុយពីកន្លែងខ្ញុំ បាន២០ដុល្លារម្ដងរួចហើយ តាមរយៈប្រើរូបភាពដូចខាងលើ ដោយសារតែខ្ញុំបានឆែកឃើញក្នុងកាមារ៉ាសុវត្ថិភាពម្ដងរួចទៅហើយនោះ។
ចំណែកស្ត្រីម្នាក់ទៀត ជាម្ចាស់វីងនៅម្ដុំផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបានឃើញ រូបភាពម្ចាស់វីងទី១ បង្ហោះតាមគ្រុបវីងនោះ បានអះអាងថា គាត់ចាញ់បោកស្ត្រីម្នាក់នេះ នៅថ្ងៃទី៣១ ខែធ្នូ ២០១៥ អស់លុយចំនួន១៩៨ដុល្លារផងដែរ តាមរូបភាពបោកប្រាស់ដូចខាងលើនេះ ខណៈដែលមានភ្ញៀវជាច្រើនចូលទៅបើកលុយ ហើយស្ត្រីបោកប្រាស់ទៅបន្លំបើកនឹងគេដែរ ទើបធ្វើឱ្យគាត់មិនចាប់អារម្មណ៍ បើកលុយឱ្យគេតាមសម្រួល។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានសារភាពថា នាងពិតជាបានបន្លំខ្លួនដើម្បីបើកលុយវីង របស់ស្រ្ដីម្ចាស់វីងនៅផ្សារកាប់គោ និងយីហោគីហ្សូណា ប្រាកដមែននាពេលកន្លងមក ហើយការបោកប្រាស់នេះ គឺមានបក្ខពួកប្រុសៗ២នាក់ទៀត ទៅបន្លំខ្លួនពេលមានអតិថិជនច្រើន ដើម្បីលួចកត់លេខកូដ លេខទូរស័ព្ទអតិថិជនយកទៅបន្លំនៅកន្លែងផ្សេង ពេលដែលម្ចាស់វីងមិនបានចាប់អារម្មណ៍នោះ៕
ដោយ៖ ប្រាថ្នា