ភ្នំពេញ៖ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ បានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមានឈ្មោះថា “ដាយម៉ិន ខាតធូន វើល” ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាលើកទី២ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ថេង សុថុល អភិបាលខណ្ឌចំការមន ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ថ្លែងថា មេការម្នាក់នៃទីតាំងហ្គេមបាញ់ត្រីមានឈ្មោះថា “ដាយម៉ិន ខាតធូន វើល” ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានអប់រំរួចអោយត្រឡប់ទៅវិញ ។
លោកអភិបាលខណ្ឌចំការមន អះអាងថា ទីតាំងមួយនេះ គឺ ពិតជាធ្លាប់បានបិទម្តងមែន តែក្រោយមក ខាងតុលាការអនុញ្ញាតអោយបើកវិញ តែគឺអោយបើកអាជីវកម្មត្រឹមត្រូវប៉ុណ្ណោះ មិនមែនអោយបើកហ្គេមបាញ់ត្រីខុសច្បាប់ ទេ ។
ទោះបីយ៉ាងណា លោក ថេង សុថុល អភិបាលខណ្ឌចំការមន សង្កត់ធ្ងន់ថា លោកនឹងបន្តតាមដានទៀត បើមានការបើកឡើងវិញទៀត សមត្ថកិច្ចនឹងបង្ក្រាបទៀត មិនអោយមានការប្រព្រឹត្តខុសច្បាប់នោះទេ ។
របាយការណ៍របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា ក្រុមការងារ បានដកហូតទូរហ្គេមបាញ់ត្រីចំនួន៦ គ្រឿង និងឃាត់ខ្លួនមនុស្សសរុបបានចំនួន១២នាក់ក្នុងនោះរួមមាន អ្នកទទួលខុសត្រូវម្នាក់ បុគ្គលិកធ្វើការនៅទីតាំងខាងលើចំនួន៣នាក់ និងអ្នកចូលលេងចំនួន៨នាក់ ៕