ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើការដ្ឋានសំណង់ជាន់ទី៣ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាបៀរជាមួយនិងក្រុមការងារអស់មួយកេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ត្រង់ចំណុចអាគារបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សពជនរងគ្រោះមានឈ្មោះ ឆួយ ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិព្រែកក្តី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។
បេីតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរាប់រៀបប្រាប់ឲ្យដឹងថា ទីតាំងកន្លែងហេតុដែលជាអាគារបន្ទប់ជួល២ជាន់ ហេីយគ្រោងនិងកំពុងសងបន្ថែមបន្ទប់មួយជាន់ទៀតនៅជាន់ទី៣។ រីឯជនរងគ្រោះខាងលើ បានមកស្នាក់នៅនិងធ្វេីការនៅទីតាំងកន្លែងកេីតហេតុប្រមាណមួយខែមកហេីយ ។ ហេីយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាកន្លះលីត្រទៅមួយលីត្រមុខនិងក្រោយពេលធ្វេីការជាប្រចាំ។
ប្រភពដដែលបន្តថាកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានៅមុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងារជនរងគ្រោះនិងកម្មករចំនួនបួននាក់ទៀតបាននាំគ្នាផឹកស៊ីនៅទីតាំងកេីតហេតុយ៉ាងសប្បាយរីករាយ។ រហូតដល់ម៉ោងប្រមាណ១០យប់ ខណៈពេលដែលផឹកអស់ស្រាបៀរចំនួនមួយកេះក៏ស្រវឹងរៀងៗខ្លួនអស់។ បន្ទាប់មកកម្មករទាំងបួននាក់ខាងលេី ក៏បាននាំចាក់ចេញពីកន្លែងកេីតហេតុទៅសម្រាកនៅផ្ទះរៀងៗខ្លួន នៅតែជនរងគ្រោះតែម្នាក់ដែលសំរាកនៅទីនោះ។ លុះដល់វេលាកេីតហេតុ កម្មករទាំងបួននាក់នោះក៏បាននាំគ្នាមកធ្វើការតាមធម្មតាវិញដូចសព្វដង ប៉ុន្តែមិនឃេីញជនរងគ្រោះនោះទេ គឺឃេីញតែស្បែកជើងមួយរបស់ជនរងគ្រោះប៉ុណ្ណោះ។ ភ្លាមៗនោះពួកគាត់ក៏បាននាំគ្នាដេីររក ស្រាប់តែប្រទះឃេីញសពបុរសរងគ្រោះបានដេកស្លាប់ផ្កាប់មុខនៅខាងក្រោមជាន់ផ្ទាល់ដីចំហៀងខាងកេីតអាគារបាត់ទៅហេីយ។ រួចក៏នាំគ្នាឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយពេលកេីតហេតុសពបុរសរងគ្រោះ ក៏ត្រូវសមត្ថកិច្ចជំនាញនិងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានចុះមកធ្វេីការត្រួតពិនិត្យនិងកោសល្យវិច័យឃេីញថា ពិតជាធ្លាក់ពីជាន់ទី៣ស្លាប់ពិតប្រាកដមែន ៕