ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសប្រាប់ថា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អ្នកនេសាទជាប្រជាពលរដ្ឋអាចនេសាទត្រីបានច្រើន នៅក្នុងខែមិគសិរ ស្អែកនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែទេនោះ ។
ការអះអាងបែបនេះ ដោយសារតែទឹកបានស្រកចុះយ៉ាងលឿនដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។ ដែលហេតុថា ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះ ធ្វើឱ្យគន្លងនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ដែលផ្តល់អំណោយផលជាងរដូវមុនៗ ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ទិញត្រីក្នុងខែមិគសិរនេះ (ស្អែកនេះ) ឱ្យបានរួសរាន់តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ។
លើសពីនេះ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញូនផលិតផលត្រីកុំឱ្យមានការរាំងស្ទះតាមការគួរ ៕ ដោយ ៖ ជាយក្រុង