សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ។ មហាសន្និបាតនេះ បានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមា​គមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

តាមរបាយការណ៍របស់ ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអោយដឹង​ថាកម្ពុជាត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មា​ធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០​ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយនិងស្វាគមន៍ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លងកាត់សង្គ្រាមពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។ ជាក់ស្ដែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជាបានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥- ១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូត ជាពិសេសការតស៊ូ ជាមួយនឹងសង្គ្រាមស៊ីវិល ជាបន្តបន្ទាប់នៅក្នុងប្រទេស ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព នៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ ឈ្នះ កម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុង កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារសង្គ្រាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។ ជាបន្តបន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើការងារជាអាទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាមួយក្រុមគ្រួសារ រួមមានការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាពនិងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំងឡាយការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធាន ដីធ្លី មានលំនៅឋាន និងអាចប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ។

ដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសកម្មភាពអាស៊ាន
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមចែករំលែកនូវមតិមួយចំនួន ដូចខាងក្រោម៖
១)សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិតនិងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅលើសុខភាពអតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃបញ្ហាប្រទេសជាសមាជិកសហ ព័ន្ធ ។

២)សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតីការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ។

៣)ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះ ដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលា។

៤)ថ្នាក់ដឹកនាំនៃបញ្ហាប្រទេសសមាជិកអាស៊ានទាំងអស់សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជានិងសហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាម សំដៅរួមចំណែកសម្រេចបានគោលដៅរបស់សហព័ន្ធ អតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូន សមាជិក សមាជិកា អង្គមហាសន្និបាត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខ សេចក្ដីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនអាស៊ានដែលបានចូលរួមក្នុងភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print