ខេត្តកំពង់ឆ្នាំង៖ អភិបាលស្រុកកំពង់លែងលោក មាន អ៊ានលី ដែលនឹងត្រូវចូលនិវត្តនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលប្រជាពលរដ្ឋច្រើន និយាយថា ធ្លាប់មានពាក់ព័ន្ធនឹងករណីជួញដូរឈើធ្នុង យកពីស្រុកកំពង់លែង មកលក់អោយឈ្មួញនោះ នៅពេលនេះដោយសារតែអណត្តិការងារជិតនឹងអស់នោះ លោកអភិបាលស្រុករូបនេះ ហ៊ានប្រព្រឹត្តនូវទង្វើខុសច្បាប់មួយចំនួនសម្ញែងប្រជាពលរដ្ឋ ដោយហៅរថយន្តឆ្លងសាឡង់ទៅដឹកគល់ឈើប្រណិតដែលមានតម្លៃរាប់ម៉ឺនដូល្លាចេញពីស្រុកកំពង់លែង ។ ប៉ុន្តែដោយសារ តែរឿងនេះបែកធ្លាយដល់ចៅហ្វាយខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តបានបញ្ជាអោយមេព្រៃខេត្តឃាត់ទាំងរថយន្ត ទាំងឈើនេះយកមកទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ។
ក្នុងពេលសមត្ថកិច្ចឃាត់រថយន្តដឹកគល់ឈើនេះ សមត្ថកិច្ចបានរកឃើញគល់ឈើប្រភេទធ្នុងធំៗចំនួន៨គល់ ដឹកតាមរថយន្ត១គ្រឿងចេញពីស្រុកកំពង់លែង ឆ្លងកាត់ក្រុងកំពង់ឆ្នាំង ដោយគ្មានច្បាប់អនុញ្ញាត្តអ្វីបន្តិចសោះ ករណីបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចកំពង់ផែកាណូតដរ ស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអោយដឹងថា រថយន្តដឹកឈើខុសច្បាប់ខាងលើនេះពាក់ស្លាកលេខភ្នំពេញ3A- 2800 ពណ៌ស បានដឹកគល់ឈើធ្នុងធំៗចំនួន៨ដុំ ក្នុងនោះ៣ដុំបានកែច្នៃរួច ។
សមត្ថកិច្ចបានអោយដឹងថា គល់ឈើទាំងនេះគឺជារបស់ លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង ដែលបានដឹកចេញពីសាលាស្រុកកំពង់លែង ឆ្លងតាមសាឡង់ដរមកកាន់ទីក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្ទះលោក នៅស្រុកបរិបូណ៍ ។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានប្រាប់ថា សម្រាប់លោកមាន់ អ៊ានលី ការដឹកឈើនេះគឺមិនមែនជាលើកទី១នោះទេ ដែលកន្លងមកលោកចៅហ្វាយស្រុករូបនេះតែងតែប្រើរូបភាពផ្សេងៗ ដូចជាយកលេសថា ជាឈើរបស់ប្រជាពលរដ្ឋសុំយកទៅធ្វើផ្ទះ ប៉ុន្តែធាតុពិត លោកអភិបាលស្រុកបានជួញដូរឈើប្រណិតយកទៅលក់អោយឈ្មួញសោះ ។
អភិបាលស្រុកកំពង់លែងលោក មាន់ អ៊ានលី បានបញ្ជាក់ថា គល់ឈើធ្នុងទាំង៨ដុំខាងលើនេះគឺ៣ដុំបានកែឆ្នៃធ្វើជាតុរួចហើយ ឯ៥ដុំទៀតជាគល់ឈើចាស់ៗដែលនៅសល់ពីការគាស់ធ្វើផ្លូវនៅក្នុងស្រុកកំពង់លែង ហើយពេលនេះគាត់ជិតចូលនិវត្តហើយ ទើបគាត់ដឹកគល់ឈើទាំងនេះយកទៅទុកនៅផ្ទះដើម្បីកែឆ្នៃប្រើប្រាស់នៅផ្ទះរបស់គាត់ គឺមិនមានបំណងយកទៅលក់នោះទេ ។ ហើយករណីនេះលោកនឹងសុំអន្តរាគមន៍ទៅអភិបាលខេត្តអោយជួយដោះស្រាយបញ្ហានេះ ។
មជ្ឈដ្ឋាននានាបានលើកជាសំនួរថា រាល់ដង បើឈ្មួញឬប្រជាពលរដ្ឋដឹកឈើខុសច្បាប់បែបនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅពេលដែលឃាត់បានរថយន្តដឹកឈើ ហើយរកម្ចាស់ឃើញហើយនោះនឹងឃាត់មនុស្សដើម្បីធ្វើការសាកសួរ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះបែជាម្ចាស់ឈើនៅតវ៉ាជាមួយសមត្ថកិច្ចយ៉ាងរំភើយទៅវិញ ដែលអនុវត្តខុសពីសព្វមួយដង ។ គេកំពុងតែ រង់ចាំមើលថា ម្ចាស់ឈើដែលជាអភិបាលស្រុកកំពង់លែងរូបនេះ នឹងត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃអនុវត្តតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើដែរឬទេ? ព្រោះថាកន្លងមកបើរកឃើញថាមានម្ចាស់ឈើស្រស់បែបនេះ គឺនឹងអនុវត្តដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា