ភ្នំពេញ៖ បទចម្រៀង និង វីដេអូសម្តែង ចំណងជើងថា”ច្រឡំ” របស់តារាចម្រៀង សម្បត្តិ ដេវីត ដែលឆ្លុះបញ្ចាំងពីក្រុមបុរសស្រលាញ់បុរសនោះទទួលបានការគាំទ្រ និងចែករំលែកខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុន។ ទោះមានការរិះគន់ខ្លះប៉ុន្តែ បទមួយនេះទទួលបានការពេញចិត្តច្រើន ខណៈតារាចម្រៀងរូបនេះលើកឡើងថាមិនមែនជាបទចម្រៀងជំរុញឲ្យុមានកំណើននៃការស្រលាញ់ភេទដូចគ្នាទេ គឺគ្រាន់តែជាការចូលរួមកាត់បន្ថយការរើសអើងប៉ុណ្ណោះ។
ការថ្លែងបែបនេះក្រោយពីភោជនីយដ្ឋាន និងក្លឹបកម្សាន្តមួយចំនួននៅកម្ពុជាបានយកបទចម្រៀងមួយនេះចាក់ផ្សាយជាញឹកញាប់សម្រាប់ភ្ញៀវស្តាប់កម្សាន្ត។លោក សម្បត្តិ ដេវីត បានប្រាប់ថា បទចម្រៀង១បទខាងលើ គឺជាមេឡូឌីថ្មី ដោយនៅក្នុងនោះ ទាំងការច្រៀង ទាំងការចំណាយផលិតឡើង លោកបានចំណាយ មិនក្រោម២ ពាន់ដុល្លារឡើយ ដូចឃើញក្នុងវីដេអូ លោកបានចុះថត មានច្រើនទីតាំង លើកោះរ៉ុង នឹង ភ្នំពេញជាដើម។
លោកថាអាចថាជាមនុស្សម្នាក់យល់ពី អារម្មណ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ថា បាន ជាហេតុនាំឲ្យ ដេវីត ផលិតបទនេះឡើង។ លោកថាមិនមានបំណងជំរុញឲ្យមានកំណើតនៃអ្នកស្រលាញ់ភេទដូចគ្នាទេ ប៉ុន្តែគឺជាការបង្ហាញពីអារម្មណ៍អ្នកមានស្នេហាប្រភេទនេះ និងស្នើឲ្យមានការកាត់បន្ថយការរើសអើងពីសង្គមតែប៉ុណ្ណោះ។ លោកបន្តថាបន្ទាប់ពីបានចេញផ្សាយលើបណ្ដាញសង្គមមកហើយ ឃើញអ្នកគាំទ្របែបនេះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់។ ឆាប់ៗខាងមុខនេះ ដេវិត ប្រាប់ថា ខ្លួនគ្រោងនឹងបញ្ចេញបទចម្រៀងថ្មី១បទថែមទៀត ដោយបច្ចុប្បន្នកំពុងតែឲ្យក្រុមការងារសម្រិតសម្រាំងឡើង។
តារាចម្រៀង បានដាក់ក្ដីសង្ឃឹមថា ដោយការព្យាយាម នឹងប្រសិនបើមានការផ្ដល់ឧកាសពីអ្នកគ្រប់គ្រងកម្មវិធីសិល្បៈលើបណ្ដាញទូរទស្សន៍នានាបានឡើងលើកម្មវិធីនោះ ថ្ងៃអនាគតទីផ្សាររបស់លោក ច្បាស់ជាកាន់តែរីកចម្រើនកាន់តែខ្លាំងជាក់ជាមិនខាន៕ ដោយ វឌ្ឍនា