ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៧នាក់ទៀត មាន៣នាក់ជនជាតិចិន ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ជាមួយវត្ថុតាងជាច្រើន ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ទាំងនៅរាជធានីភ្នំពេញ និង ក្រុងព្រះសីហនុ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីចាប់ខ្លួនជនជាតិ៧នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុហើយនោះ, កម្លាំងនគរបាលជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែមទៀត ក្នុងនោះជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ពាក់ព័ន្ធករណីនេះ ។
លោកបន្តថា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកកិច្ចសហប្រតិបត្តិការដ៏ក្ដៅគគុកជាបន្ដបន្ទាប់នេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមសហការពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
វត្ថុតាងចាប់យកបានរួមមាន ៖ កាំភ្លើងម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ , ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់ ៕ ដោយ ៖ ជាយក្រុង