ភ្នំពេញ ៖ នៅពេលនេះសំណង់នៅចំណុចឡៅតឿនៃអាគារផ្សារអូរឫស្សី មានសភាពប្រេះស្រាំដោយអន្លើ មិនរឹងមាំ ការពន្យារបន្តទុកយូរអាចបង្កនាំគ្រោះថ្នាក់ដល់ទាំងជីវិតប្រជាពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិដោយប្រការណាមួយ ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងតម្រូវឲ្យអាជីវករ ត្រូវផ្ទេរការលក់ដូរជាបណ្តោះអាសន្នសិន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទៅកាន់ទីតាំងថ្មីនៅក្រៅផ្សារ តាមកាលបរិច្ឆេទដែលបានគ្រោងទុក ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា បច្ចុប្បន្នសំណង់អាគារផ្សារអូរឫស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀតអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។
មន្ត្រីបន្តថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព ៕ ដោយ ៖ ជាយក្រុង