សុខ សោម៉ាវត្តី ថារឿង”ប្រពន្ធខ្ញុំស្រលាញ់ស្រី” ពិបាកសម្តែងបំផុត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លោក ជាសុវណ្ណ នរាហ៍ និង អ្នកនាងសុខ សោម៉ាវត្តី បានជួបគ្នាជាថ្មីហើយក្នុងភាពយន្ត រឿង ប្រពន្ធខ្ញុំស្រលាញ់ស្រី”។ ភាពយន្តនេះត្រូវបានតារាសម្តែងស្រីលើកឡើងថាពិបាកនឹងបញ្ចូលអារម្មណ៍សម្តែងខ្លាំងព្រោះតែត្រូវសម្តែងជាតួអង្គចរិកបែបមនុស្សប្រុសនោះ។ 

ការបញ្ជាក់នេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលផលិតកម្មLD Picture បានសម្ពោធប្រកាសចាក់បញ្ចាំងភាពយន្តខាងលើ កាលពីរាត្រីថ្ងៃទី១៧ ខែធ្នូ នេះនៅរោងភាពយន្តឡេជេនស៊ីធីម៉ល ក្រោមវត្តមានសិល្បករជាច្រើនចូលរួម។ តួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់ថា ក្នុងរឿងនាងត្រូវសម្តែងជាតួអង្គមនុស្សស្រីចរិកប្រុស ហើយមានស្នេហានឹងមនុស្សស្រី ប៉ុន្តែចុងក្រោយនាងបែជាស្រលាញ់តួប្រុសវិញ។ នាងថាទោះជាកន្លងមកនាងធ្លាប់សម្តែងជាតួអង្គចរិកបែបមនុស្សប្រុសប៉ុន្តែមានបែបទន់ភ្លន់ច្រើនជាមនុស្សស្រីទើបតែរឿងនេះមានអារម្មណ៍ថាតានតឹងខ្លាំង ដែលត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបញ្ជាក់ថា សប្បាយចិត្តដែលជួបដៃគូសម្តែងចាស់យល់ចិត្តច្រើនទើបអាចធ្វើឲ្យការសម្តែងល្អប្រសើរ និងមានឈុតឆាកកំប្លែងបង្កប់ដោយទស្សនៈអប់រំមួយចំនួន។ 

ថ្លែងបញ្ជាក់ជាមួយគ្នានេះដែរ លោក ជា សុវណ្ណនរាហ៍ បានលើកឡើងថា មិនមានបញ្ហាប្រឈមច្រើនសម្រាប់លោកទេពេលជួបដៃគូចាស់។ លោកថាជាភាពយន្តសម្រិតសម្រាំងថ្មីពីផលិតករ លោកបានដាក់ក្តីរំពឹងថាអ្នកគាំទ្រលោក ក៏ដូចជាស្នាដៃផលិតកម្មLD Picture ពិតជាពេញចិត្តស្នាដៃថ្មីមួយនេះដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់។ 

គួរបញ្ជាក់ដែរថាក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង”នាឡិការដាស់វិញ្ញាណ”​ ប្រកបដោយជោគជ័យនៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗបន្តបន្ទាប់ទៀត ។ផលិតកម្មនេះមានភាពយន្តជាច្រើននៅក្នុងដៃដែលទើបញ្ចប់ការផលិត និងបាននឹងកំពុងផលិត៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print